Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: ក្រសួងសុខាភិបាល បញ្ជាក់ពីមូលហេតុ​ដែលបណ្ដាលឲ្យ សិស្សវិទ្យាល័យចំនួន២ នៅស្រុកអង្គរជ័យ និងស្រុកដងទង់ ជាង៣០នាក់បានដួលសន្លប់

22-02-2018 19:18

(កំពត)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ មានករណីសិស្សនៅវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ស្ថិតនៅភូមិស្តុក ឃុំសំឡាញ់ ស្រុកអង្គរជ័យ និងសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត ជាង៣០នាក់ បានបន្តដួលសន្លប់ ខណៈដែលពួកគេកំពុងតែរៀននៅក្នុងថ្នាក់។

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល​ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មូលហេតុបឋមដោយសារ តែសិស្សមានជំងឺរ៉ាំរ៉ៃបានដួលសន្លប់ និងសិស្សដទៃ មានសុខភាពទន់ខ្សោយស្រាប់ ទន់ដៃទន់ជើងបន្តបន្ទាប់គ្នា និងបន្ទាប់មកក្លាយជំនឿអរូបិយ។

បើតាមលោក​វេជ្ជបណ្ឌិត បានឲ្យដឹងថា តាមការណែនាំចង្អុលបង្ហាញពី លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្រ្តីជំនាញមកពីថ្នាក់ជាតិ ដោយមានសហការពី មន្រ្តីជំនាញមន្ទីរសុខាភិបាល ខេត្តកំពត និងមន្រ្តីជំនាញសុខាភិបាលមូលដ្ឋាន បានចុះអង្គេតស្រាវជ្រាវអំពីបុព្វហេតុ ដែលបណ្តាលឲ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់ នៅវិទ្យាល័យអង្គស្តុក និងវិទ្យាល័យប៊ុន រ៉ានី ដងទង់ ខេត្តកំពត។

លទ្ធផលអង្គេតរកឃើញថា ចំពោះសាលាអង្គស្តុកស្រុកអង្គជ័យ ការដួលសន្លប់សិស្ស បន្តបន្ទាប់បង្កឡើងដោយ សិស្សពីរនាក់ដែលមានជំងឺរ៉ាំរ៉ៃ (ម្នាក់មានជំងឺបេះដូង ដែលឧស្សាហ៍ដួលសន្លប់ និងម្នាក់ទៀត មានជំងឺផ្លូវចិត្ត ដែលឧស្សាហ៍កាច់ដៃកាច់ជើង)។

ក្រោយពីកើតចេញពីករណីខាងលើ បង្កឲ្យសិស្សក្នុងសាលាតែងតែភ័យស្លន់ស្លោ ដោយគិតទៅលើអបិយជំនឿ ដោយហេតុដូច្នេះសាលាក៏រៀបចំពិធីសែនផ្សេងៗ ហើយករណីដួលសន្លប់ បានបាត់មួយរយៈ ទើបតែថ្ងៃទី២១ ខែកុម្ភៈ កើតឡើងដួលសន្លប់សារជាថ្មី ដែលបង្កឡើងដោយសិស្សដែលធ្លាប់ឈឺពីមុន។

ចំពោះសាលាដងទង់៖ បង្កឡើងដោយសិស្សម្នាក់ ដែលមានបញ្ហាសុខភាពផ្លូវចិត្តបានសន្លប់ ក្នុងថ្នាក់ដែលបណ្តាលឲ្យសិស្សមិត្តភក្តិ ទន់ដៃទន់ជើងជាបន្តបន្ទាប់។

លោក លី សុវណ្ណ បានសន្និដ្ខានថា ការដួលសន្លប សុទ្ធសឹងតែបង្កឡើង ពីសិស្សមានជំងឺរ៉ាំរ៉ៃបង្កជាបឋម និងបង្កឲ្យសិស្សដទៃទៀត ដែលមានសុខភាពទន់ខ្សោយស្រាប់ (គេងមិនគ្រប់ តមអាហារ ស្លុតអារម្មណ៍ -ល-។) ទន់ដៃទន់ជើងបន្តបន្ទាប់គ្នា និងបន្ទាប់មកក្លាយជំនឿអរូបិយ។

ជាមួយគ្នានេះ លោកអនុសាសន៍ដល់សាលាឲ្យសិស្សដែលសន្លប់មុនគេ និងសិស្សធ្លាប់សន្លប់សំរាកមួយរយៈ អប់រំឲ្យគេងយ៉ាងតិច៨ម៉ោង ក្នុងមួយយប់ ញាំអាហារគ្រប់គ្រាន់ ហាមផឹកភេសជ្ជៈពៅ កំលាំង (ព្រោះសិស្សភាគច្រើន ផឹកភេសជ្ជៈពៅកំលាំង) ពេលឃើញសិស្សម្នាក់ណាឈឺ គ្រូប្រចាំថ្នាក់ត្រូវបញ្ជូនទៅមណ្ឌលសុខភាពជិតនោះជាបន្ទាន់ ដើម្បីកុំឲ្យសិស្សដទៃមានអារម្មណ៍ ស្លុតតាម។

កន្លងមកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ការណែនាំដល់មន្រ្តីជំនាញ ឲ្យពិគ្រោះយោបល់ជាមួយ ឪពុក-ម្តាយ សិស្សដែលមានបញ្ហាសុខភាព ឲ្យបញ្ជូនសិស្សទាំងនោះ មកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិ ដោយមិនគិតថ្លៃ៕