(ប៉ៃលិន)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីក្រោមឱវាទបានចុះត្រួតពិនិត្យ ទំនិញដាក់តាំងលក់តាមគេហដ្ឋាន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបានរកឃើញ និងដកហូតទំនិញខូចគុណភាព (ហួសកាលបរិច្ឆេទ) ៣៥០.៨៣គីឡូក្រាមយក មករក្សារទុកនៅស្នាក់ការរង់ចាំ ការចាត់ចែងទៅតាមនីតិវិធីច្បាប់។
លោក ឈឹម វាសនា បានថ្លែងថា ក្រុមការងារបានចុះត្រួតពិនិត្យ ទៅលើម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលដាក់តាំងលក់នៅក្នុងផ្សារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី និងធ្វើការហាមឃាត់ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទាំង ខេត្តប៉ៃលិនផងដែរ ។
លោកបានបញ្ជាក់ទៀតថា ចំណីអាហារដែលគ្មានស្លាកសញ្ញាត្រឹមត្រូវនេះ អាចបង្កផលប៉ះពាល់ដល់សុខភាព ពីព្រោះម្នាក់ៗ មិនអាចដឹងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់នោះឡើយ ជាងនេះទៀតបើបងប្អូនអាជីវករ នាំយកទៅលក់នៅតាមទីប្រជុំជន ឬតាមសាលារៀន អាចបង្កផលប៉ះពាល់ដល់សុខភាពកុមារ និងភ្ញៀវទេសចរនៅពេលទិញទៅបរិភោគ។
លោកបន្ថែមថា «នេះជាករណីថ្មីមួយទៀត ដែលត្រូវប្រុងប្រយ័ត្ន ហើយបងប្អូនប្រកបរបរលក់ដូរនៅតាមផ្ទះ ឬតាមសាលារៀនក្តី ត្រូវរួមគ្នាស្វែងយល់ពីការប្រើប្រាស់ចំណីអាហារ បើទំនិញណាមួយគ្មានស្លាកសញ្ញានោះ សូមបញ្ឈប់ជាបន្ទាន់ មិនត្រូវទិញមកលក់ឡើយ មួយវិញទៀតបញ្ហាចំណីអាហារ ដែលគ្មានកាលរិច្ឆេទប្រើប្រាស់នោះ ជាសញ្ញាមួយបង្ហាញពីភាពគ្រោះថ្នាក់បំផុត»។
លោកបានបញ្ជាក់បន្ថែមទៀតថា «ការប្រើប្រាស់ផលិតផលផុតកំណត់ទាំងនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជា ឈឺពោះ រាក ក្អួត បើព្យាបាលមិនទាន់ពេលនោះវាអាចធ្វើឲ្យមនុស្សស្លាប់ ជាពិសេសកុមារតូចៗ»។
ក្នុងនោះដែរ អាជីវករលក់ចំណីអាហារ និងផ្លែឈើបានសម្ដែងការសារទរជាខ្លាំង ចំពោះមន្រ្ដីសាខាកាំកុងត្រូល ដែលបានចុះពិនិត្យដល់ផ្សារ តាមគេហដ្ឋាន ព្រោះទីនោះជាទីប្រជុំភ្ញៀវទេសចរ ធ្វើដំណើរមកសំចតឈប់ទិញទំនិញជាប្រចាំ ប្រសិនបើទំនិញគ្មានគុណភាពនោះទេ នោះភ្ញៀវទេសចរក៏មិនមកគាំទ្រនោះដែរ៕