(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជារដ្ឋមន្ដ្រីក្រសួងចំនួន២ គឺទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង ពិនិត្យជាបន្ទាន់នូវករណីលេចលីថា មានការបូមខ្សាច់ចូលតំបន់ព្រៃកោងកាង បង្កើតជាទីក្រុង។
ការដាក់បទបញ្ជាបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» បន្ទាប់ពីសារព័ត៌មានមួយចំនួនចុះផ្សាយថា ក្រុមហ៊ុនឯកជនមួយ កំពុងបូមខ្សាច់ចូលតំបន់ព្រៃកោងកាងដែលតំបន់អភិរក្ស និងចង់បង្កើតជាទីក្រុង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវលឺថាគេបូមខ្សាច់ដាក់សមុទ្រ បង្កើតទៅជាស្ថានភាពទីក្រុង អាហ្នឹងអ្នកណាឲ្យធ្វើ សួរមួយអត់ដឹង ពីរអត់ដឹង ចឹងអស់លោកទៅធ្វើអី នេះជាចំណុចដែលយើងត្រូវនិយាយ ខ្ញុំមិនដឹងថាប្រាកដ ឬមិនប្រាកដនោះទេ ព្រោះមានការផ្សាយតាមទូរទស្សន៍ ការផ្សាយតាមកាសែតហើយ ក៏ប៉ុន្ដែមិនទាន់មានការ បញ្ជាក់ណាមួយនៅឡើយទេ អាហ្នឹងបើនិយាយពីស្ថាប័ន គឺភារកិច្ចរបស់ ជា សុផារ៉ា ភារកិច្ចរបស់ សាយ សំអាល់ ហើយមើលៗអាហ្នឹងវាយ៉ាងមិច បានជាហ៊ានទន្ទានយកដីរដ្ឋក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារហើយបូមដីដាក់ បូមខ្សាច់យកមកដាក់ហើយចង់បង្កើតទៅជាទីក្រុង»។
សម្ដេចតេជោ បានបន្ដថា «ប៉ុន្មានថ្ងៃនេះអត់លឺសូរស្ថាប័នណាប្រតិកម្ម ជាមួយការចុះផ្សាយនេះទេ តើវាយ៉ាងមិច ចឹងទេអភិបាលខេត្តកោះកុង ត្រូវធ្វើការឆ្លើយតបមើល តើវាយ៉ាងមិចរឿងហ្នឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក៏ដូចជាក្រសួងបរិស្ថាន ដែលទទួលបន្ទុកទៅការទទួលការពារ ធនធានធម្មជាតិ ត្រូវឆ្លើយតបយ៉ាងមិច ហើយអភិបាលខេត្តកោះកុងជាស្ដ្រីផង យេនឌ័រ តែមិនមែនថាយេនឌ័រ ត្រូវបានទទួលការលើលែង មិនស្ដីបន្ទោសទេណាអត់ទេ ព្រោះនេះជាភារកិច្ច»។
ចាប់តាំងពីសម្ដេចបានលឺនូវព័ត៌មាននេះ មិនទាន់ឃើញមានរដ្ឋមន្ដ្រីពាក់ព័ន្ធ ពិសេសរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី, រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកោះកុងផ្ទាល់តែម្ដង មិនទាន់ការឆ្លើយតប ឬប្រតិកម្មយ៉ាងណាចំពោះការលេចលឺនោះនៅឡើយទេ។ នេះជាការបញ្ជាក់របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល។ បើតាមសម្ដេចនាយករដ្ឋមន្ដ្រី ការប្រគល់តួនាទី ឬតំណែងឲ្យទៅមន្ដ្រីណាម្នាក់ មិនឲ្យយកទៅលំអរ និងដើរសំញ៉ែងគេឯងនោះទេ គឺត្រូវមានការទទួលខុសត្រូវចំពោះសមត្ថកិច្ចដែនដីរបស់ខ្លួន និងចាំបាច់ត្រូវតែបម្រើប្រជាពលរដ្ឋ។
សូមជំរាបថា សារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា៖ ឧកញ៉ា ជា លាងហុង ហ៊ានទិញដីតំបន់សហគមន៍១៣ហិកតា ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដីប្រមាណ២ហិកតា ក្នុងចំណោម១៣ហិកតា ត្រូវបានគេលួចបូមខ្សាច់ចាក់បំពេញ៕