(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និសីទជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈិការនៅរសៀលថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការខឹងសម្បាជាខ្លាំងជាមួយមន្ត្រីចាប់ពីថ្នាក់រដ្ឋមន្ត្រី អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលពួកគេ មិនព្រមបំពេញការងារ និងភារកិច្ចមានចែងក្នុងច្បាប់បែរ ជាអង្គុយរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីទៅវិញ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្រសួង ស្ថាប័ននីមួយៗសុទ្ធតែមានកំណត់ពីព្រំដែនការងារដែលខ្លួនត្រូវអនុវត្តន៍រួចអស់ទៅហើយ ប៉ុន្តែពួកគេមិនបានអនុវត្តន៍ការងារតួនាទី និងភារកិច្ច ដែលបានកំណត់នោះទេ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកជាឧទាហរណ៍ក្នុងករណីបង្ក្រាបរថយន្តតទ្រុងខុសបច្ចេកទេសជាដើមថា ច្បាប់បានកំណត់ឲ្យរថយន្តមានប្រវែងតែ ១៦ម៉ែត្រ ប៉ុន្តែបែរជាបណ្តោយឲ្យរថយន្តដឹកជញ្ជូនទាំងនោះតទ្រុងលើសប្រវែងកំណត់ទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «កន្លងទៅនេះមានការសង្កេតឃើញថា ស្ថាប័នមួយចំនួន ឬអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនមិនទាន់អនុវត្តន៍ច្បាប់នៅឡើយទេ គឺនៅអនុវត្តន៍បទបញ្ជានៅឡើយដែរ។ តាមពិតច្បាប់បានឲ្យស្ថាប័ននោះអនុវត្តន៍ភារកិច្ចរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនបានអនុវត្តន៍នូវភារកិច្ចនោះទេ លុះត្រាតែមានបទបញ្ជាពី នាយករដ្ឋមន្ត្រីទើបបានធ្វើ។ បើដូច្នោះមានការចាំបាច់បង្កើតឡើងនូវស្ថាប័ន ឬក៏ក្របខណ្ឌគតិយុទ្ធសម្រាប់ស្ថាប័ននីមួយៗធ្វើអ្វីទៅ»។
នៅចំពោះមុខមន្ត្រីរាជការរាប់ចាប់តាំងពីក្រុមប្រឹក្សាចៅសង្កាត់ រហូតដល់ថ្នាក់រដ្ឋមន្ត្រីជិត៣ពាន់នាក់នេះ សម្តេចតេជោ បានរំលឹកថា រាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការធ្វើប្រតិភូកម្មអំណាច ពោលគឺការទម្លាក់ការងារទៅឲ្យមន្ត្រីថ្នាក់ក្រោមជាតិ តែមន្ត្រីថ្នាក់ក្រោមជាតិខ្លះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ។
សម្តេចតេជោ បានបន្ថែមថា ដើម្បីឲ្យការងារបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋទទួលបានជោគជ័យ គឺទាមទារឲ្យមន្ត្រីមានឆន្ទៈ និងត្រូវធ្វើការរួមគ្នា។ សម្តេចនាយករដ្ឋមន្ត្រីថា គ្មានការងារណាមួយអាចទទួលបានជោគជ័យដោយគ្មានការចូលរួមនោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់រដ្ឋមន្ត្រី អភិបាលខេត្ត និងមន្ត្រីទាំងអស់ ភាពអសកម្មរបស់ពួកគេក្នុងការងារនឹងក្លាយទៅជាលទ្ធផល សម្រាប់ការធ្វើកំណែទម្រង់នៅក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលផងដែរ ពោលបើការងាររបស់មន្ត្រីមិន មានប្រសិទ្ធភាពទេ ប្រហែលជានឹងមិនមានឱកាសសម្រាប់គ្រប់គ្រង ការងាររបស់ខ្លួនទៀតនោះឡើយ៕