(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកជូនស្រោមអនាម័យ ចំនួនជាង៥០ ម៉ឺនស្រោម ជូនដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ រាជធានី ខេត្ត និង អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
តំណាងគណៈកម្មធិការ ប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី តំណាង តាមរាជធានីខេត្តនានា បានអញ្ជើញចូលរួម និងទទួលអំណោយជាស្រាមអនាម័យ ពីសប្បុរសេជន ក្នុងការរួមចំណែក ដ៏មានតំលៃ និងមានប្រសិទ្ធភាព ក្នុងការបង្ការការឆ្លងរាលដាល នៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ពិន ឈិន ទីប្រឹក្សាពិសេសក្រសួងមហាផ្ទៃ បានផ្តល់ជាអំណោយស្រាមអនាម័យចំនួន ជាង៦០ម៉ឺនស្រោម (៦៤៨ ០០០) មានតម្លៃប្រមាណជាង ១០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ជូនដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីចូលរួមចំណែកជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ការចូលរួមចំណែកនេះ នឹងជួយអោយព្រះរាជាណាចក្រកម្ពុជា មានធនធានបន្ថែម និងកាន់តែមានប្រសិទ្ធភាពថែមមួយចំណែកទៀត ក្នុងសម្រេចគោលដៅ ឆ្ពោះទៅរកការបញ្ឈប់ ការឆ្លងរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ នៅឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
បើទោះបីជាកម្ពុជា បានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងកំពុងផ្តល់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ ហើយអ្នកដែលបានឆ្លងមេរោគអេដស៍ មួយចំនួនធំអាចបន្តរស់រាន និងមានសុខភាពប្រក្រតីក្តី ក៏ករណីឆ្លងថ្មីនៅតែបន្តកើតមាន ចំណែកឯករណីស្លាប់ ដោយសារការបរាជ័យជាមួយនឹង ការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ នៅតែមានជាបន្តបន្ទាប់។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានក្រើនរំឭកថា ជម្រើសដែលល្អបំផុត គឺការបង្ការការចម្លងមេរោគអេដស៍ តាមរយៈការបន្តនូវការវិធានការជំរុញ ការប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០% ដែលជាវិធានការចំបងមួយ ព្រោះចំណាយពេលវេលា និងចំណាយថវិកា ក្នុងការបង្ការកុំអោយឆ្លងមេរោគអេដស៍ មានប្រសិទ្ធភាពល្អជាងការព្យាបាល ដូចមានពាក្យស្លោកថា «ការពារ ប្រសើជាងការព្យាបាល»។
គួររំឭកជូនជ្រាបថា ការលក់ផ្គត់ផ្គង់ស្រោមអនាម័យ ដោយអង្គការជាដៃគូរអភិវឌ្ឍ គឺ អង្គការ ភីអេសខេ (PSK/PSI) មានប្រមាណជា ១១.៥ លានស្រោម អនាម័យនៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។ នោះយើង មិនទាន់មានរបាយការណ៍លក់ផ្គត់ផ្គង់ ពីសំណាក់ក្រុមហ៊ុនឯកជននានាផងទេ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងធ្វើការសហការបន្ថែមទៀត ជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីលើកកំពស់ការយល់ដឹង បានប្រសើថែមទៀត អំពីតម្រូវការ និងការផ្គត់ផ្គង់ស្រោមអនាម័យ ដែលជាទំនិញចាំបាច់ ជួយបង្ការកាឆ្លងមេរោគអេដស៍។
ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោម ប្រទេសទាំងប្រាំពីរ(៧) ក្នុងពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ UNAIDS ដែលបានសម្រេចគោលដៅ ៩០-៩០-៩០ គឺមុនកាលកំណត់ ព្រោះគោលដៅនោះ ត្រូវសម្រេចបាននៅ ឆ្នាំ២០២០។ ប្រទេសទាំង ៧ រួមមាន កម្ពុជា សិង្ហបូរី បុតស្វាណា (អាហ្រ្វិក) អាយស៍ឡិន ស៊ុយអែត ដាណឺម៉ាក និង ចក្រភពអង់គ្លេស៕