(ភ្នំពេញ)៖ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចេញមុខពន្យល់បកស្រាយអំពីការផ្តល់ជំនួយរបស់ប្រទេសជប៉ុន គាំទ្រដំណើរការរៀបចំការបោះឆ្នោត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ការទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាហិបឆ្នោតចំនួន១ម៉ឺនហិបឆ្នោត ដែលមានតម្លៃជាទឹកប្រាក់សរុបជាង ៧លាន ៥សែន( ៧,៥ ) ដុល្លារ នៅថ្ងៃទី២១ កុម្ភៈ។
កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើទំព័រ Twitter របស់កញ្ញាថា «ជប៉ុនត្រូវតែពន្យល់ដល់ប្រជាជនកម្ពុជាថា តើហេតុអ្វីបានជាខ្លួន ធ្វើការគាំទ្រដល់ការបោះឆ្នោតសិប្បនិម្មិត ដែលជាការលួចប្លន់ឆន្ទៈ នៃប្រជាជនកម្ពុជារាប់លាននាក់»។
ពាក់ព័ន្ធបញ្ហានេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យរបស់គ.ជ.ប បានឲ្យដឹងថា អ្វីៗដែល គ.ជ.ប កំពុងធ្វើ ដែលក្នុងនោះមានទាំងការទទួលយកជំនួយផងនោះ គឺអនុវត្តតែទៅតាមច្បាប់ប៉ុណ្ណោះ ។ លោកបានលើកឡើងថា «សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ គឺខាង គ.ជ.ប បានរៀបចំរួចជាស្រេចហើយ។ គឺយើងដំណើរការទៅដោយក្របខណ្ឌ គ.ជ.ប តែម្នាក់ឯងគ្មានអ្វីជាឧបសក្គទេ គឺអ្វីៗដំណើរការដូចការគ្រោងទុក»។
លោកបានថ្លែងថា សម្រាប់ការបោះឆ្នោតជាតិ នៅពេលខាងមុខ គ.ជ.ប ទទួលជំនួយពីប្រទេសជាច្រើន ពិសេសប្រទេសជប៉ុនដែលទើបប្រកាសផ្តល់ថ្មីៗនេះ នូវទឹកប្រាក់សរុបចំនួន៨០០លានយ៉េន (ប្រមាណ៧លានដុល្លារអាមេរិក) សម្រាប់ហិបឆ្នោតជាង១ម៉ឺន និងសម្ភារបច្ចេកទេសដទៃទៀត។ ក្រៅពីនេះគ.ជ.ប មានជំនួយពីប្រទេសចិន ប្រទេសរុស្ស៊ី៕