(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»។
សន្និសីទជាតិនេះត្រូវបានបើកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ សន្និសីទជាតិដ៏មានសារៈសំខាន់មួយនេះ មានអ្នកចូលរួមជាង ២,៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចថ្លែងថា ព្រមានធ្ងន់ៗ នឹងមិនផ្តល់ឱកាសសម្រាប់អាណត្តិទី៦ដល់រដ្ឋមន្រ្តីណា ដែលមិនបានគិតគូរផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន និងអោបក្រសោបការងារតែខ្លួនឯង។
* សម្តេចនាយករដ្ឋមន្ត្រី បានស្តីបន្ទោសដល់អភិបាលខេត្តមួយរូប ដែលមិនហ៊ានចាត់ការលើក្រុមហ៊ុនឯកជនមួយរំលោភច្បាប់ បែរជារង់ចាំអនុសាសន៍ពីសម្តេចទៅវិញ។ សម្តេចបានបញ្ជាក់ថា ហេតុអ្វីបានជាច្បាប់មានទៅហើយ បែរជាអភិបាលខេត្តមិនហ៊ានអនុវត្តន៍ទៅវិញ។ សម្តេចចាត់ទុកនេះជាកម្សោយរបស់អភិបាលខេត្តក្នុងការអនុវត្តន៍ច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាស់តឿនដល់អភិបាលរាជធានី-ខេត្តទាំងអស់ មិនត្រូវយកលុយគម្រោងអភិវឌ្ឍន៍ទៅទិញរថយន្តជិះនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រតិកម្មខ្លាំងៗចំពោះគម្រោងបូមខ្សាច់ដាក់សមុទ្រ ដើម្បីបង្កើតទៅជាទីក្រុង ដែលផ្សាយតាមព័ត៌មាននានា។ សម្តេចបញ្ជាឲ្យអភិបាលខេត្តកោះកុង ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ត្រូវឆ្លើយតបលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនផ្តល់តួនាទី និងផ្តល់ផ្កាយ ដើម្បីតែលំអរទីក្រុង តែត្រូវទទួលខុសត្រូវលើការងារភារកិច្ចរបស់ខ្លួនជាចាំបាច់ ដើម្បីប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបង្កើតប័ណ្ណសម្រាប់តាមដានការងាររបស់រដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនបានអង្គុយរង់ចាំជំនួយពីនរណានោះទេ គឺកម្ពុជាបានខិតខំសន្សំប្រាក់ទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាន ដែលក្នុងនោះគ្រាន់តែឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទម្លាក់លុយ៤៣០លានដុល្លារ ទៅថ្នាក់ក្រោមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មជាថ្មីចំពោះមន្ត្រីនៅថ្នាក់ក្រោមជាតិ ដែលច្បាប់មានចែងរួចហើយពីការអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន តែមិនព្រមអនុវត្តន៍ មិនព្រមធ្វើបែរជានៅអង្គុយរង់ចាំតែបទបញ្ជា និងអនុសាសន៍ពីនាយករដ្ឋមន្រ្តីទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់ឲ្យថ្នាក់ក្រោមជាតិ ទទួលបានថវិកាពីថ្នាក់ជាតិឲ្យបានកាន់តែច្រើន ដើម្បីប្រសិទ្ធិភាពការងារ។
* សម្តេចតេជោ បានថ្លែងថា អំណាចនៅមូលដ្ឋានកាន់តែខ្លាំង នឹងធ្វើឲ្យការទទួលខុសត្រូវ និងការជួយប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែខ្លាំង និងទទួលបានផលល្អ នោះហើយជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។
* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៤៖១០នាទី, រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕