(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញសមិទ្ធផលធំៗពីរ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ពិធីបិទសន្និសីទនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអស់រយៈពេល ជិត២ទសវត្សមកហើយ ហើយបើពិនិត្យមើលលើការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ កម្ពុជាបានអនុវត្តរយៈពេល ជាង៧ឆ្នាំ ដោយបានបញ្ចប់ការអនុវត្តដំណាក់កាលទី១ និងដំណាក់កាលទី២ ដោយសម្រេចបានសមិទ្ធផលនានាជាច្រើនស្របតាមការរំពឹងទុក។
ក្នុងឱកាសនោះ សម្ដេចប្រធាន គ.ជ.អ.ប បានលើកសមិទ្ធផលធំៗពីរ ដែលកម្ពុជាសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនោះគឺ៖
ទី១៖ កម្ពុជាបានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីបង្កើនឡើងនូវ ក្រុមប្រឹក្សាគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ទៅតាមអាណត្តិដែលកំណត់ក្នុងច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីមួយៗ។ ក្រុមប្រឹក្សាដែលជាប់ឆ្នោតទាំងនេះ គឹជាស្ថាប័នតំណាងអភិបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ វិសហមជ្ឈការក៏មានសក្ដានុពល ជាតំណាងឲ្យផលប្រយោជន៍ដោយផ្ទាល់ របស់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
ទី២៖ កម្ពុជាបានសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការផ្ទេរមុខងារ និងធនធានក្នុងវិស័យអាទិភាពនានាជាបណ្ដើរៗទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងរយៈពេលកន្លងមកនេះ មានក្រសួង ស្ថាប័នចំនួន១៤ ដែលស្ថិតក្នុងវិស័យអាទិភាព បានចូលរួមក្នុងកិច្ចដំណើរការរៀបចំផ្ទេរមុខងា និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត ២ទសវត្សរ៍កន្លងមកនេះ តាយរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល បានផ្ទេរថវិកាជាង ២,០០០លានដុល្លារអាមេរិក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែងប្រើប្រាស់សម្រាប់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
សូមជម្រាបថា ការធ្វើវិមជ្ឈការ គឺជាដំណើរការនៃការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវលើការ ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍដែលពាក់ព័ន្ធនឹងតម្រូវការ នៃជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការ ឲ្យកាន់តែឆាប់រហ័ស និងមានគណនេយ្យភាព ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ៕