(សៀមរាប)៖ ថ្ងៃនេះនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការបង្ហាញ រូបភាព នៃបទល្មើសថ្មី ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាព បន្លំដកយកប្រាក់ ពីជនរងគ្រោះ ដែលនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលការិយាល័យការពារ និងអន្តរគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបធ្វើការបង្ក្រាបបាន កាលពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៨។

រូបភាពនៃបទល្មើស បង្កឡើងដោយជនសង្ស័យ និងបក្សពួក មានដូចខាងក្រោមនេះ៖

កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង១៧:៤៨នាទី ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកលុយរៀលខ្មែរចំនួន៨០០០០រៀល បើកគណនីទ្រូម៉ាន់នី ផ្ទាល់ខ្លួន ហើយធ្វើការផ្ទេរទឹកប្រាក់ ចំនួន១ដុល្លារ ទៅកាន់លេខទូរស័ព្ទ ០៦១ ៩៧០០៣៣ ដែលជារបស់ខ្លួន រួចហើយ បានទៅបន្លំដកប្រាក់ ពីទីតាំងភ្នាក់ងារទ្រូម៉ាន់នី របស់ឈ្មោះ សុទ្ធ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ដែលមាន ទីតាំងស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដោយប្រាប់ថា មកដកប្រាក់ចំនួន១០០០ដុល្លារ(មួយពាន់ដុល្លារ) ពេលនោះប្អូនរបស់ជនរងគ្រោះឈ្មោះ រ៉ែម សាហុច ភេទស្រី អាយុ២៣ឆ្នាំ ដែលជនរងគ្រោះពឹងឲ្យជួយមើលកន្លែងអាជីវកម្មរបស់ខ្លួន ក៏បានបញ្ចូលលេខកូដ ចូលម៉ាស៊ីន ក៏ស្រាប់តែចេញតួរលេខចំនួនទឹកប្រាក់១.០០០ដុល្លារ (មួយដុល្លារ) ស្មានតែចំនួនលុយ១០០០ដុល្លារ មែនក៏យកប្រាក់ឲ្យជនសង្ស័យតែម្តង។

ពេលបានលុយ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ តាមពិតលុយដែលជនសង្ស័យត្រូវដក គឺចំនួន០១ដុល្លា(មួយដុល្លារ)តែប៉ុណ្ណោះ តែជនសង្ស័យបានសរសេក្នុងក្រដាស ដកយកលុយចំនួន ១០០០ដុល្លារ(មួយពាន់ដុល្លារ)។ ដោយឡែកទីតាំងរបស់ខ្លួន មានបំពាក់កាមរ៉ាសុវត្តិភាព ជនរងគ្រោះក៏បានយករូបថតមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម នៃអធិការដ្ឋាន នគរបាល ក្រុងសៀមរាប។

លុះដល់ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩:០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងតែឈរចូលដកប្រាក់នៅកន្លែង ផ្ទេរប្រាក់ទ្រូម៉ាន់នី ដែលមានទីតាំង ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក៏បានរាយការណ៍ជូនសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នគរបាលផ្នែកព្រហ្មទណ្ឌដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ បានធ្វើការសាកសួរ និងបើកការស្រាវជ្រាវបន្ថែម ចំពោះបទល្មើសដែលជនសង្ស័យ ឈ្មោះ សុខា បារាំង អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។

ជាលទ្ធផល យើងបានរកឃើញជនរងគ្រោះបន្ថែមម្នាក់ទៀតមានឈ្មោះ អ៊ុយ សុខា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងកន្លែងវេរលុយ នៅចំណុចជិតបេនឡាន ចុងកៅស៊ូ ស្ថិតក្នុងក្រុមទី៥ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ក៏បានរងគ្រោះខាតបង់លុយអស់ចំនួន១ពាន់ដុល្លារ តែជនរងគ្រោះកន្លងមក មិនបានដាក់ពាក្យបណ្តឹងទេ ដែលបង្កឡើងដោយជនសង្ស័យរូបនេះ និងបក្សពួកម្នាក់ទៀតផងដែរ។

ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្សពួក ពិតជាបានប្រព្រឹត្តបទល្មើសដូចការរៀបរាប់ខាងលើ បានចំនួន០២លើក ទទួលបានលុយចំនួន០២ពាន់ដុល្លារ យកទៅដើរស៊ីចាយអស់ហើយ ។ វត្ថុតាងដែលនគរបាលយើងបានធ្វើការស្រាវជ្រាវ និងដកហូតបន្ថែមមាន៖
-ម៉ូតូម៉ាក វេសស្បា ពណ៌ខៀវផ្ទៃមេឃចំនួន០១គ្រឿង
-ទូរសព្ទ័ចំនួន០២គ្រឿង រួមជាមួយស៊ីមកាតជាច្រើនបន្ទះ
-វិក័យបត្រ័វេរប្រាក់និងដកប្រាក់ជាច្រើនសន្លឹក។

ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀត នគរបាលយើង មានសាវតាជាតិគ្រប់គ្រាន់ កំពុងធ្វើការស្វែងរកតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕