(ភ្នំពេញ)៖ នាពេលបច្ចុប្បន្នឃើញថា កង់បីឥណ្ឌា (បំពាក់ប្រព័ន្ធ GPS) កំពុងវាលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ដោយសារតែកង់បីឥណ្ឌានេះមានលក្ខណៈពិសេសលើតម្លៃ និងសេវាកម្មល្អ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអតិថិជន ខណៈម៉ូតូរ៉ឺម៉កកង់បីកម្ពុជាវិញ កំពុងមានការប្រឈមខ្លាំង លើការបាត់បង់ចំណូលប្រចាំថ្ងៃ និងគ្មានអ្នកជិះ។
បើតាមការលើកឡើងរបស់អ្នករត់កង់បីឥណ្ឌា GPS មួយរូប ឈ្មោះ តារា ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «សព្វថ្ងៃមុខរបរបស់ខ្ញុំ កំពុងមានការកាក់កបខ្លាំង ដោយរកចំណូលជាមធ្យមបានក្នុងមួយថ្ងៃជាង៧ម៉ឺនរៀល តែត្រូវចំណាយជួលកង់បីនេះ ក្នុងមួយខែ១៤០ដុល្លារ និងមានការកាត់១០ភាគរយ នៃប្រាក់ចំណូលដែលខ្ញុំរកបាន ឲ្យទៅក្រុមហ៊ុនផងដែរ»។
លោកបន្តថា វត្តមានរបស់កង់បីឥណ្ឌានៅកម្ពុជា គឺវាអាចជួយដល់ការចំណាយរបស់អតិថិជនបានច្រើន គឺជាសេវាកម្មដែលអាចឲ្យអតិថិជនហៅជិះតាមរយៈ APP នៅលើទូរស័ព្ទស្មាតហ្វូន ហើយការគិតកម្រៃសេវា ពីអ្នកធ្វើដំណើរ ក្នុង១គីឡូដំបូង គឺតម្លៃ៣,០០០រៀល ហើយបន្ទាប់ពី១គីឡូដំបូងរួចមក គឺគិតតម្លៃថេរក្នុងមួយគីឡូ១,២០០រៀល។
លោកបញ្ជាក់ទៀតថា ការចាប់យកអាជីពរត់កង់បីឥណ្ឌានេះ គឺវាបានផ្តល់នូវភាពងាយស្រួលដល់គាត់ និងអ្នកធ្វើដំណើរ ហើយអ្នកមានកង់បីឥណ្ឌានេះ មិនចាំបាច់ចាប់ម៉ូយនៅតាមដងផ្លូវសាធារណៈទេ ដោយគ្រាន់តែចាំក្រុមហ៊ុនប្រាប់តាមរយៈ APP គឺលោកនឹងទៅភ្លាម ដោយអតិថិជនអាចហៅតាមរយៈ APP នៅលើទូរសព្ទស្មាតហ្វូនរបស់ពួកគេ។
ក្នុងការរីកចម្រើននៃការដឹកជញ្ជូន របស់កង់បីឥណ្ឌានេះដែរ អ្នករត់ម៉ូតូរ៉ឺម៉កកង់បីកម្ពុជាមួយរូប ឈ្មោះ ផន ជំនោរ ដែលជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បីជាង១០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរត់ម៉ូតូរ៉ឺម៉កកង់បីរបស់គាត់ ដែលចាប់តាំងពីមានវត្តមានកង់បីឥណ្ឌា គឺអ្នករត់ម៉ូតូរ៉ឺម៉កកង់បីទាំងអស់កំពុងមានការប្រឈម នឹងការបាត់បង់ចំណូលប្រចាំថ្ងៃ និងមិនមានអ្នកជិះ ហើយទៅថ្ងៃអនាគត អាចនឹងគ្មានវត្តមានម៉ូតូរ៉ឺម៉កកង់បីកម្ពុជា នៅក្នុងស្រុកផងដែរ។
លោកបានបន្តទាំងទឹកមុខក្រៀមក្រំថា កាលពីមិនទាន់មានវត្តមានកង់បីឥណ្ឌា លោកអាចរកប្រាក់ចំណូល ក្នុងមួយថ្ងៃបានជាង ៦០,០០០រៀល ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ តែចាប់តាំងពីមានកង់បីឥណ្ឌាមក លោកអាចរកប្រាក់ចំណូលបានត្រឹមតែ ៣០,០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយពេលខ្លះក៏ក្រោមនឹងទៀតផងដែរ។
លោក ជំនោរ មានអារម្មណ៍ចង់ប្ដូរមុខរបរទៅរត់កង់បីឥណ្ឌាដែរ តែលោកមិនអាចមានលទ្ធិភាព ដើម្បីទិញកង់បីឥណ្ឌាទេ ព្រោះប្រសិនបើលក់ម៉ូតូរ៉ឺម៉កកង់បីរបស់គាត់ គឺមិនមានអ្នកទិញ ហើយលោកក៏មិនមានលទ្ធិភាពជួលកង់បីឥណ្ឌានោះដែរ។
លោកបានផ្ដាំផ្ញើថា ប្រសិនបើមានការកើនឡើងនូវចំនួនកង់បីឥណ្ឌាកាន់តែច្រើនឡើង គឺអ្នករត់ម៉ូតូរ៉ឺម៉កកង់បីទាំងអស់ នឹងជួបការលំបាកយ៉ាងខ្លាំង ព្រោះគ្មានអ្នកជិះ និងបញ្ហាសាំងឡើងថ្លៃទៀតនោះ គឺអាចនឹងបាត់មានវត្តមានម៉ូតូរ៉ឺម៉កកង់បី ដែលជាស្នាដៃរបស់កូនខ្មែរនៅកម្ពុជា។
អ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ទៀតឈ្មោះ ងួន សោភា បានលើកឡើងថា «ប្រសិនបើនៅតែបន្តមានវត្តមានកង់បីឥណ្ឌា ចូលមកកម្ពុជាបន្ថែមទៀត នោះពួកគាត់នឹងមិនមានលទ្ធភាពឯណា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងមិនមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូន ហើយក៏នឹងអាចបោះបង់អាជីព ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បីនេះផងដែរ»។
លោកបានបន្តថា ចំណូលដែលគាត់ធ្លាប់ តែរកបានក្នុងមួយថ្ងៃ ៧០,០០០រៀល តែឥឡូវបែរជាធ្លាក់ មកនៅក្នុងមួយថ្ងៃត្រឹមតែ ២០,០០០រៀលប៉ុណ្ណោះ ហើយថ្ងៃខ្លះ ក៏ធ្លាក់ក្រោមនេះទៅទៀត ព្រោះថាកង់បីឥណ្ឌាប្រើប្រាស់ប្រព័ន្ធហ្គាស តែសម្រាប់ម៉ូតូរ៉ឺម៉កកង់បី គឺប្រើប្រាស់សាំង គឺមិនសូវមានអតិថិជនជិះ ព្រោះថា តម្លៃសាំង គឺថ្លៃជាងហ្គាស ទើបអ្នករត់ម៉ូតូរ៉ឺម៉កកង់បី មិនអាចយកតម្លៃទាប ដូចជាអ្នករត់កង់បីឥណ្ឌា។
លោកបានបន្ថែមទៀតថា វាពិតជាពិបាកណាស់ សម្រាប់ប្រជែងជាមួយនឹងកង់បីឥណ្ឌា ដោយហេតុថា ពួកគាត់មិនអាចរកភ្ញៀវមកជិះច្រើនដូចមុនទេ ព្រោះភ្ញៀវឥឡូវគេច្រើនតែប្រើប្រាស់ស្មាតហ្វូន ដើម្បីទំនាក់ទំនងតាមប្រព័ន្ធ APP ក្នុងទូរស័ព្ទដៃផ្ទាល់ ដែលមិនចាំបាច់ដើរមករកម៉ូតូរ៉ឺម៉កកង់បី ដូចកាលពីមិនទាន់មានវត្តមានកង់បីឥណ្ឌានេះ នៅក្នុងប្រទេសកម្ពុជាដូចមុន៕