(ភ្នំពេញ)៖ បន្ទាប់ពីម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួន ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើឲ្យទស្សនិកជនសម្តែងការខកចិត្តយ៉ាងខ្លាំងរួចមក ខណៈពេលនេះស្ថានីយទូរទស្សន៍ហង្សមាស បានចេញមុខមកបកស្រាយថា លោក ប៊ុត សីហា បានប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ ដោយក្នុងនោះ ខាងផលិតកម្មក៏ធ្លាប់បានហៅទៅណែនាំច្រើនដង ដើម្បីឲ្យកែខ្លួនដែរ ប៉ុន្តែលោក ប៊ុត សីហា មិនព្រមស្តាប់។ មិនតែប៉ុណ្ណោះថែមទាំង ធ្វើឲ្យផលិតកម្មខាតបង់ប្រាក់មួយចំនួន លើការចេញសងថ្លៃថតស្ពតពាណិជ្ជកម្ម និងការចុះកិច្ចសន្យាប្រគំតន្រ្តី ជាច្រើនលើកច្រើនសារដែលលោក ប៊ុត សីហា គេចវេសមិនបានចូលរួម។
លោក មាស រិទ្ធី អគ្គនាយករង និងជានាយកព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានថ្លែងប្រាប់ Fresh News និង Khmer Talking នៅរសៀលថ្ងៃទី២២ ខែកុម្ភៈនេះថា៖
តាមការពិតផលិតកម្មបានដឹងជាយូរមកហើយថា តារាចម្រៀងលោក ប៊ុត សីហា បានប្រើប្រាស់គ្រឿងញៀន ពោលគឺតាំងពីក្រោយលោកប្រឡងជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី១ បានរយៈពេលជាង៣ខែមកម្ល៉េះ។ យ៉ាងណាមិញពេលដែលផលិតកម្មដឹងថា លោក ប៊ុត សីហា មានជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់គ្រឿងញៀនហើយនោះ ថ្នាក់ដឹកនាំផលិតកម្ម ក៏បានហៅលោក ប៊ុត សីហា មកណែនាំនិងធ្វើការព្រមានជាច្រើនលើកមកហើយ ពោលគឺ ប្រមាណជាង១០ដងឯណោះ ដើម្បីឲ្យបញ្ឈប់ទង្វើបែបនេះ ប៉ុន្តែតារាចម្រៀងរូបនេះ មិនបានស្តាប់ និងមិនធ្វើតាមឡើយ។
អ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីមួយរូបនៅកម្ពុជា លោក មាស រិទ្ធី បានបន្តឲ្យដឹងទៀតថា ជាមួយគ្នានេះផលិតកម្មហង្សមាស ក៏បានប្រាប់ទៅដល់សមត្ថកិច្ចមួយចំនួនឲ្យដឹងផងដែរថា តារាចម្រៀងលោក ប៊ុត សីហា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនហើយ ដូច្នេះប្រសិនបើឃើញការប្រព្រឹត្តជាក់ស្តែង អាចចាប់ឃាត់ខ្លួន ឬធ្វើការអប់រំណែនាំ បញ្ចូនតាមនីតិវិធីច្បាប់ចុះ មិនពាក់ព័ន្ធនឹងហង្សមាសទេ ប៉ុន្តែទោះបីជាយ៉ាងណាផលិតកម្មហង្សមាស មិនបានប្រកាសជាសាធារណៈទេ គឺទុកឱកាសឲ្យលោក ប៊ុត សីហា កែខ្លួន និងរកទ្រនំផ្សេង ដើម្បីបន្តអាជីព របស់ខ្លួន ប៉ុន្តែតារាចម្រៀងរូបនេះហាក់ប្រងើយកន្តើយមិនស្តាប់តាម អ្វីទាំងអស់។
ដោយឡែកជាមួយនឹងរឿងដ៏រសើបនេះផងដែរ បើតាមប្រភពពីអ្នកភូមិផងរបង និងនៅឯស្រុកកំណើតជាមួយ លោក ប៊ុត សីហា ផងនោះបានទម្លាយថា តារាចម្រៀងលោក ប៊ុត សីហា បានជក់គ្រឿងញៀនជាយូរមកហើយ ពោលគឺចាប់តាំងពីមុនចូលប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ឯណោះ។
គួរបញ្ជាក់ថា ការឃាត់ខ្លួនលោក ប៊ុត សីហា បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៥៖៣០នាទី ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈរូបលោកទៅទិញគ្រៀងញៀនដើម្បីជក់ ប៉ុន្តែត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន៕