(ក្រចេះ)៖ លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្ត នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា រយៈពេល១១ថ្ងៃ ពោលតាំងពីថ្ងៃដាក់ចេញនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ ក្រុមគណៈកម្មការចម្រុះខេត្ត បានចុះពិនិត្យបច្ចេកទេសរថយន្ដធុនធំគ្រប់ស្រុកក្រុង ដោយពិនិត្យបានជិត ២០០០គ្រឿង ក្នុងនោះ មានរថយន្តធុនធំចំនួន៣៣គ្រឿង ត្រូវកាត់ទ្រុងនិងកន្លែង ខណៈ១៦គ្រឿងទៀត ជារថយន្តមានការកែច្នៃភ្លើងពណ៌ ដែលសុទ្ធសឹងជាប្រភេទរថយន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា យុទ្ធនាការដែលបានធ្វើឡើង ក្នុងរយៈពេល១១ថ្ងៃមកនេះ ត្រូវបានធ្វើឡើងនៅគ្រប់ច្រកល្ហកនៅតាមបណ្តាស្រុក-ក្រុង ដើម្បីទប់ស្កាត់រថយន្តធុនធំខុសលក្ខណៈ បច្ចេកទេសទាំងអស់នេះ ខណៈដែលកន្លងមក គឺការចុះអនុវត្តបានធ្វើឡើងតែមួយគោលដៅរបស់ខេត្តនោះទេ។
លោកប្រធានមន្ទីរ ក៏បានអះអាងទៀតថា រាល់ប្រភេទរថយន្តធុនធំដែលមន្រ្តីជំនាញ បានរកឃើញពីភាពមិនប្រក្រតីទាំងចំនួនជាង៣៣គ្រឿងនោះ គឺត្រូវបានអាជ្ញាធរតម្រូវឲ្យធ្វើការកាត់ទ្រុង ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធ្វើកិច្ចសន្យាឲ្យបញ្ឃប់ការកែច្នៃដល់ម្ចាស់យានយន្ត។ លើសពីនេះទៀត ច្បាប់បទដ្ឋានបច្ចេកទេស ក៏ត្រូវបានចុះធ្វើការផ្សព្វផ្សាយដល់ម្ចាស់យានយន្ត ក៏ដូចជា នៅតាមសិប្បកម្មកែច្នៃផ្សេងទៀតផងដែរ។
សកម្មភាពរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលបានចុះអនុវត្តកន្លងមក ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមប្រធានមន្ទីរ មួយរយៈពេលចុងក្រោយនេះ ស្ថានភាពការដឹកជញ្ជូនរបស់ក្រុមរថយន្តដឹកលើសចំណុះ និងកែច្នៃទាំងនោះ គឺមានភាពស្ងប់ស្ងាត់នៅតាមផ្លូវជាតិនានា ក្នុងខេត្តក្រចេះ បន្ទាប់ពីសកម្មភាព ចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញ បាន និងកំពុងតែធ្វើឡើង ទាំងយប់ទាំងថ្ងៃ នៅគ្រប់គោលដៅនៅលើផ្លូវជាតិក្នុងខេត្ត៕