(ភ្នំពេញ)៖ ដើម្បីបង្កើនសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ នៅព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានលើកឡើងថា ក្រសួងនឹងពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការបន្ថែមកញ្ចប់ថវិកាសម្រាប់ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅតាមមូលដ្ឋាន។
ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្រសួងកំពុងខិតខំពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការពង្រីក នូវការផ្តល់មធ្យោបាយដល់ប៉ុស្តិ៍នគរបាលនៅតាមមូលដ្ឋាន ដើម្បីជាការលើកទឹកចិត្ត ដល់ឲ្យមន្ត្រីមូលដ្ឋានខិតខំបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
សម្តេចបានបន្ថែមទៀតថា ការយកចិត្តទុកដាក់ឧបត្ថម្ភចំពោះគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជារឿងមានសារសំខាន់មួយក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
ជាមួយគ្នានោះដែរ សម្តេចបានឲ្យដែរថា ប៉ុស្តិ៍នគរបាលទូទាំងប្រទេស គឺមានជាង១,៦០០ប៉ុស្តិ៍ ប៉ុន្តែនៅសល់ចំនួនជាង១០០ប៉ុស្តិ៍ ទៀតពុំទាន់មាន ដូច្នេះក្រសួងនឹងដាក់ផែនការ ឲ្យធ្វើឲ្យបានឆាប់រហ័ស ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើការចំពោះនគរបាលនៅមូលដ្ឋានទាំងនោះ។
ថ្លែងនៅក្នុងកម្មវិធីបិទនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបញ្ជាក់ថា អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៧ បានប្រមូលថវិកាមិនមែនសារពើពន្ធ ដែលសិ្ថតក្នុងដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ បង់ចូលថវិកាជាតិចំនួនជាងប្រាំរយពាន់លានរៀល (៥២៥.៩៥៣.៧០២.៣៤០)រៀល ស្មើ៩៨,៣២% នៃផែនការប្រចាំឆ្នាំ ចំនួន៥៣៤.៩៦៥.០០០.០០០រៀល ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កាលពីឆ្នា២០១៧ បានទូទាត់បំណុលជូនអង្គភាពជំនាញសម្រាប់បំពេញកិច្ចប្រតិបត្តិការ គិតជាទឹកប្រាក់ ចំនួន៩៨.៧០៣.៤៥០.៧៩៩រៀល។ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចជាតិ ដែលមានកំណើនប្រមាណ៧% ផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់រាជរដ្ឋាភិបាល បន្ដគិតគូបង្កើនប្រាក់បៀវត្ស ដល់កម្លាំងនគរបាលជាតិ មន្ដ្រីរាជការស៊ីវិល ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ និងធានាក្នុងការបំពេញកិច្ចប្រតិបត្តិការ របស់កងកម្លាំងនគរជាតិក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
តាមគោលការណ៍ រួមក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ សហការជាមួយមន្ដ្រីជំនាញក្រសួងមុខងារសាធារណៈ កំណត់ក្នុងការដំឡើងប្រាក់បៀវត្សមូលដ្ឋាន១២% ដោយអនុវត្តចាប់ពីខែមករា និងប្រាក់បំណាច់មុខងារពី៤០.០០០រៀល ទៅ១០០.០០០រៀល ចាប់អនុវត្តពីខែមេសា ឆ្នាំ២០១៧ និងកែប្រែសន្ទស្សន៍ បៀវត្សមូលដ្ឋាន ពីចំនួន១.៩០០រៀល ទៅ២.១៣០រៀល ដោយអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៨តទៅ៕