(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន ដែលបានសុំគោលការណ៍ពី ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចុះធ្វើការឡោមព័ន្ធ និងឆែកឆេរគេហដ្ឋានមួយកន្លែងដែលសង្ស័យពាក់ព័ន្ធលួចរក្សាទុក ចែកចាយ និងដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការចុះបង្រ្កាបនេះដែរ បានប្រព្រឹត្តលើកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រ បន្ទាប់ពីបានធ្វើការឡោមព័ន្ធ នៅចំណុចគេហដ្ឋានខាងលើ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូងបានឃើញ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤ នាក់ ៖ ១.ឈ្មោះ គឹម ចន្ធូ (ហៅ ឆក) ២.ឈ្មោះ រ៉ា ស្រីពៅ ភេទស្រី ៣.ឈ្មោះ គុណ ពៅ ភេទស្រី ៤.ឈ្មោះ សឿ វុត្ថា មុខរបរមិនពិតប្រាកដ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចគ្នា។ ចំណែកឯវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន (ប្រភេទម៉ាទឹកកក) សរុបចំនួន ០២កញ្ចប់ ស្មើរនឹង ៣.៤០ក្រាម (ក្នុងនោះធំ ០១កញ្ចប់) ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួនថែមទៀត។
ក្រោយពីបានសាកសួរឈ្មោះ គឹម ចន្ធូ (ហៅ ឆក) ភេទប្រុស បានឆ្លើយថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ រូបខ្លួនផ្ទាល់បានទទួលយកម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនទម្ងន់ ០២ជីមកលក់បន្ត ដោយបានទិញពីឈ្មោះ សំ វ៉េត ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅពេលទទួលបានចម្លើយសារភាពភ្លាម កម្លាំងជំនាញបានសុំគោលការណ៍ពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តចុះធ្វើការស្រាវជ្រាវរកជនសង្ស័យឈ្មោះ សំ វ៉េត នោះរហូតដល់ម៉ោង ១៥៖១០នាទី ទើបឃាត់ខ្លួនបាននៅចំណុចគេហដ្ឋានរបស់ជនសង្ស័យផ្ទាល់ ស្ថិតនៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃដដែលនេះ។
បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានកសាងសុំណុំរឿង ដើម្បីបញ្ចូនជនសង្ស័យប្រុសស្រី ០៥នាក់ខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន ០២កញ្ចប់ ស្មើរនឹង ៣.៤០ក្រាម (ក្នុងនោះធំ ០១កញ្ចប់), ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើចម្លើយសារភាព និងលទ្ធផលធើ្វតេស្ដស្វែងរកសារធាតុញៀនបញ្ជាក់ថាវិជ្ជមាន (មានផ្ទុកសារធាតុញៀនក្នុងខ្លួន) និងវត្ថុតាងដែលសមត្ថកិច្ចបានធ្វើការដកហូតនៅចំពោះមុខជនសង្ស័យផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា ចំពោះមុខសញ្ញាសង្ស័យឈ្មោះ សំ វ៉េត ភេទប្រុស គឺជាមុខសញ្ញាដែលទើប នឹងដោះលែងពីពន្ធនាគាខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងទី២០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ៕