Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ឆាយ ថន ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវឧកញ៉ា សាត ណាវី ចំពោះការទទួលមរណភាពរបស់អ្នកឧកញ៉ា ដួង ឈីវ

22-02-2018 14:55

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកជំទាវឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយាអ្នកឧកញ៉ា ដួង ឈីវ ក្រោយអ្នកឧកញ៉ា បានទទួលមរណភាព កាលពីវេលាម៉ោង១៖២៥នាទី រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។

នៅក្នុងលិខិតរំលែកទុក្ខ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្ដ្រី ឆាយ ថន បានថ្លែងថា «ការបាត់បង់រូប អ្នកឧកញ៉ា ដួង ឈីវ គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ និងជាវីរកុលបុត្យខ្មែរដ៏ឆ្មើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់បែបយ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។ រូបអ្នកឧកញ៉ា បាត់បង់ទៅក៏ពិតមែន ក៏ប៉ុន្តែកិត្តិយស គំរូវីរៈភាព ភាពអង់អាចក្លាហាន និងសេចក្តីល្អរបស់អ្នកឧកញ៉ា ស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងបងប្អូនសាច់ញាតិជិតឆ្ងាយ»

លោកជំទាវឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយារបស់សពអ្នកឧកញ៉ា ដួង ឈីវ ព្រមទាំងកូនៗ៤នាក់ រួមមាន៖ លោកឧត្តមសេនីយ៍ឯក ដួង ហេង លោកឧត្តមសេនីយ៍ឯក ដួង ហេង មេបញ្ជាការរង កងអង្គរក្ស និងភរិយា, លោក ដួង តិច និងភរិយា, លោក​ ដួង ស្រ៊ុន និងភរិយា និងលោក ដួង វិបុល និងភរិយា ព្រមទាំងបុត្រ និងក្រុមគ្រួសារទាំងអស់ បានរៀបចំពិធីបុណ្យសពនៅគេហដ្ឋាន ផ្ទះលេខ២០៩ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សពអ្នកឧកញ៉ា ដួង ឈីវ នឹងត្រូវក្រុមគ្រួសារដង្ហែយកទៅបញ្ចុះនៅជិតទីលានថ្មសានរបស់សមាគមត្រកូលយ៉ាង ស្ថិតនៅតាមផ្លូវលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។

នេះជាការជូនដំណឹងមរណភាពដល់ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមពិធីបុណ្យសពឲ្យបានគ្រប់ៗគ្នា៕