(ភ្នំពេញ)៖ ក្រុមការងារគណបក្សប្រជាធិបតេយ្យ មូលដ្ឋានរាជធានីភ្នំពេញ នឹងរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀង បេក្ខជនតំណាងរាស្ដ្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំមណ្ឌលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
កម្មវិធីសមាជនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបោះឆ្នោតជ្រើសរើសលំដាប់លេខរៀង បេក្ខជនតំណាងរាស្ដ្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំមណ្ឌលរាជធានីភ្នំពេញ ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៦ ឆ្នាំ២០១៨នេះ។ ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏នឹងមានផែនការរៀបចំសមាជបោះឆ្នោតជ្រើសរើស លំដាប់លេខរៀងបេក្ខជនតំណាងរាស្ដ្រ នៅគ្រប់មណ្ឌលខេត្ត ទូទាំងប្រទេស ជាបន្ដបន្ទាប់ តាមគោលការណ៍ប្រជាធិបតេយ្យពីក្រោមឡើងលើ។
កម្មវិធីនឹងប្រព្រឹត្ដិទៅ នៅវេលាម៉ោង ០៩៖០០ព្រឹក នាទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួម ប្រមាណ១០០នាក់៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖