(ព្រះវិហារ)៖ លោក សូ សេរី អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ជាប្រចាំនូវគ្រោះអគ្គិភ័យ ដែលអាចបង្កគ្រោះមហន្តរាយដល់ក្រុមគ្រួសារយើង។ ការថ្លែងអំពាវនាវបែបនេះ របស់លោកអភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសលោកតំណាងឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីអប់អរសារទរទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោក ស៊ូ សេរី បានថ្លែងថា រដូវនេះជារដូវប្រាំង រាំងស្ងួត វាងាយ នឹងបង្កជាគ្រោះអគ្គីភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងហេតុការណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះផងដែរ លោកក៏បានធ្វើការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណា ចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចជំនាញដើម្បីបង្ការ និងទប់ស្កាត់នូវរាល់ហេតុការណាមួយ ដែលបង្ករឡើងដោយអគ្គិភ័យ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំសាងសង់ ឬលក់ដូរបិទផ្លូវដែលនាំឲ្យមានការពិបាក ដល់សមត្ថកិច្ចក្នុងការអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ហើយមួយវិញទៀតសូមឲ្យប្រជាពលរដ្ឋ កុំនាំគ្នាដុតស្មៅ ឬព្រៃដែលងាប់ៗ នៅជុំវិញផ្ទះ ព្រោះវាក៏អាចបណ្តាលឲ្យមានការឆាបឆេះបង្កទៅជាគ្រោះ អគ្គីភ័យបានគ្រប់ពេលវេលា។
ដោយឡែក លោកវរសេនីយ៍ឯក សំ សាមឿន ស្នងការរងនគបាលខេត្តព្រះវិហារ បានថ្លែងថា ការប្រារព្ធពិធីទិវាជាតិបង្ការ និងពន្លត់អគី្គភ័យ នាថ្ងៃនេះ ក្នុងគោលដៅដើម្បីបំផុសឲ្យមានការចូលរួម ពីគ្រប់ស្ថាប័នជាតិ អង្គការសង្គមស៊ីវិល ផ្នែកឯកជនពិសេសប្រជាពលរដ្ឋយើង គ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែងឲ្យមានការយល់ដឹង និងចូលរួមគាំទ្រជាមួយកងកម្លាំងនគបាលផ្នែកពន្លត់អគ្គីភ័យ ប្រកបដោយការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។
លោកបញ្ជាក់បន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យ កើតឡើងចំនួន១៤/២៤លើក បើធៀប នឹងឆ្នាំ២០១៦ មានការថយចុះ១០លើក ក្នុងនោះកើតឡើង នៅក្រុងព្រះវិហារ ចំនួន៤/១លើក នៅស្រុកជាំក្សាន្ត ចំនួន២/៩លើក ស្រុកសង្គមថ្មី២/១លើក ស្រុកឆែប២/៣លើក ស្រុកជ័យសែន១/១លើក ស្រុករវៀង២/២លើក ស្រុកគូលែន១/៧លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ផងដែរ៕