(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងមតិមួយចំនួន បានលើកឡើងថា ការបង្កើតពន្ធនាគារទំនើបដោយតម្រូវឲ្យបង់ថ្លៃ ដែលសាងសង់ដោយអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ជាមួយវិស័យឯកជន មានសារប្រយោជន៍សម្រាប់តែ អ្នកមានលុយនោះ នៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតបទៅវិញថា អ្នកវិភាគនិយាយនេះ មិនខុសនោះទេ ប៉ុន្ដែមិនទាន់គ្រប់ជ្រុងជ្រោយនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ការបង្កើនឲ្យមានកន្លែងឃុំឃាំងបង់ថ្លៃនេះ គឺជួយសម្រួលបាន ទាំងអ្នកជាប់ឃុំមានលុយ និងអ្នកជាប់ឃុំដែលក្រីក្រ ព្រោះថា នៅដែលអ្នកមានលុយ ទៅនៅកន្លែងឃុំដែលតម្រូវឲ្យបង់លុយនោះ នឹងធ្វើឲ្យកន្លែងនៅចាស់មានសភាពទូលាយឡើយវិញ ពោលគឺអ្នកជាប់ឃុំដែលក្រីក្រមិនពិបាកនៅចង្អៀតទៀតនោះទេ។
សម្ដេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយបញ្ហាពន្ធនាគារ អ្នកវិភាគនិយាយថា តែការវិភាគហ្នឹងត្រូវទេ ប៉ុន្ដែខ្វះ ថាការធ្វើកន្លែងឃុំឃាំងហ្នឹង បានតែអ្នកមានលុយ អាហ្នឹងវាត្រូវចឹងមែន បើអត់លុយទៅនៅមិច និយាយហ្នឹងត្រូវ ប៉ុន្ដែមិនបានគិតដល់មួយជ្រុងទៀតថា អ្នកមានដែលកំពុងនៅ ជាមួយអ្នកក្រនេះវាចង្អៀតណែន ហើយបើអ្នកមានហ្នឹងវាចេញទៅជួលអាណុង (កន្លែងឃុំឃាំងបង់ថ្លៃ) មិនធ្វើឲ្យអ្នកក្រស្រឡះកន្លែងទេអី»។
សម្ដេចឧបនាយករដ្ឋមន្ដ្រី បន្ដថា «ការបង្កើនពន្ធនាគារបង់ថ្លៃ ជួយសម្រួលបានទាំងអស់តើ ប៉ុន្ដែគាត់ (អ្នកវិភាគ) និយាយតែមួយជ្រុង តែធម្មតាទេអ្នកវិភាគគ្រាន់តែនិយាយ ប៉ុន្ដែយើងអ្នកធ្វើ យើងបានគិតថា បើអគារហ្នឹងបង់លុយ ទាល់តែអ្នកមានលុយបង់បានទៅនៅបាន បើគ្មានលុយបង់ទៅនៅមិចបាន ប៉ុន្ដែយ៉ាងហោចណាស់កាលណាគាត់ចេញទៅ អ្នកដែលនៅអត់មានលុយបង់នេះស្រួលនៅ»។
ថ្លែងបែបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានបង្ហាញការគាំទ្រចំពោះការសហការជាមួយវិស័យឯកជន ក្នុងការពង្រីកពន្ធនាគារ និងឯកភាពចំពោះការថែមថវិការដ្ឋដើម្បីកសាងសពន្ធនាគារដែលចាស់ទ្រុឌទ្រោម ព្រោះសម្ដេចពិតជាមានការព្រួយបារម្ភពីភាពចង្អៀតណែនាំមន្ទីរឃុំឃាំង នៅក្នុងប្រទេសកម្ពុជា។
តាមការគ្រោងទុកមន្ទីរឃុំឃាំងបង់ថ្លៃ ដែលនៅក្បែរអប់រំកែប្រែម១ (ព្រៃស) ស្ថិតក្នុងខណ្ឌដង្កោ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅពាក់កណ្ដាល ឆ្នាំ២០១៨ខាងមុខនេះ, នេះការឲ្យដឹងរបស់ សម្ដេចក្រឡាហោម ស ខេង។
សូមជម្រាបថា ពន្ធនាគារទំនើបដំបូងគេ ដែលអនុញ្ញាតឲ្យអ្នកមានកម្រិតជីវភាពធូរធាស្នាក់នៅ ជាមួយនឹងការគ្រប់គ្រង ដោយប្រព័ន្ធសុវត្ថិភាពយ៉ាងល្អិតល្អន់ ហើយពន្ធនាគារថ្មីនេះ រំពឹងថានឹងជួយសម្រួល ភាពចង្អៀតណែនក្នុងពន្ធនាគារបច្ចុប្បន្ន និងនាំមកនូវប្រាក់ចំណូល ជូនរាជរដ្ឋាភិបាលទៀតផង៕