(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ជាលើកដំបូង ដល់សន្ដិសុខមកពី៣៦ក្រុមហ៊ុន ដើម្បីយល់កាន់តែច្បាស់ ពីកិច្ចការពារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋ។
សិក្ខាកាមដែលជាសន្ដិសុខឯក ត្រូវបានទទួលការបំប៉នសមត្ថភាពនោះ មានចំនួន៩៧នាក់ មកពីបណ្ដាក្រុមហ៊ុន ចំនួន៣៦ក្រុមហ៊ុន ហើយវគ្គបំប៉ននេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈស្អែកនេះ ដោយក្នុងនោះមានគ្រូបង្គោលមកពី នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងមកពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថាននានាប៉ុណ្ណោះទេ តែក៏ជាំអ្នកការពារទ្រព្យសម្បត្តិសាធារណៈ សន្ដិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេស មានតួនាទីជាកម្លាំងជំនួយដល់អាជ្ញាធរមានសមត្ថកិច្ច មានន័យថា ភ្នាក់ងារសន្ដិសុខទាំងអស់ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើខ្លួន បានឃើញនូវសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើងនោះទេ ទីណាក៏ដោយក៏ត្រូវរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច។
លោក ឌី វិជ្ជា បានបញ្ជាក់ថា កន្លងមកសន្ដិសុខឯកជន នៅមិនទាន់មានសមត្ថភាព វិជ្ជាជីវៈ និងក្រមសិល្បធម៌ច្បាស់លាស់នៅឡើយទេ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ដួចផ្ដើមគំនិតរៀបចំវគ្គបំប៉នជំនាញ ដ៏មានសារៈសំខាន់នេះឡើយ ក្នុងគោលបំណងពង្រឹងសមត្ថភាពភ្នាក់ងារ សន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គមជូនប្រជាពលរដ្ឋ។
អគ្គស្នងការរងរូបនេះ ក៏បានបង្ហាញជំនឿថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជាមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទទាំងអស់ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលបានផ្ដួចផ្ដើមរៀបចំឲ្យមានវគ្គបំប៉នជំនាញដ៏មានសារៈប្រយោជន៍នេះឡើង ហើយលោកក៏បានអរគុណដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកទាំងអស់ ដែលបានចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលនេះ៕