(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាស្ដី អំពីវិទ្យាសាស្រ្ត នៃការធ្វើអង់ដូស្កូបពីកម្ពុជា និងជប៉ុន លើកទី៣ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ការគ្រប់គ្រងជំងឺមហារីក ពុំមែនជាការងាយស្រួលនោះទេ នៅពេលដែលជំងឺនេះឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
សិក្ខាសាលាខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Hidemi Goto ជាប្រធានអសនៈផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន នៃសកលវិទ្យាល័យ Nagova រួមជាមួយសាស្ត្រាចារ្យវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យកាល់ម៉ែត ជាច្រើននាក់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកកាល់ម៉ែត បានបញ្ជាក់ទៀតថា «ពេលដែលជំងឺមហារីកនេះ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះ វានឹងធ្វើឲ្យយើងពិបាកធ្វើការវាយតម្លៃ នូវការវិវត្តន៍ របស់ជំងឺ ហើយការព្យាបាលក៏ត្រូវចំណាយថវិកាច្រើន ចំពោះអ្នកជំងឺ និងក្រុមគ្រួសារ ក៏ដូចជាមន្ទីរពេទ្យផងដែរ»។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះឡើង ក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅមក និងការផ្ទេរចំណេះដឹងថ្មីៗ ដូចជាការផ្លាស់ប្ដូរនូវបច្ចេកវិទ្យា ព្យាបាលទំនើប នឹងរហ័ស លើអ្នកជំងឺថ្លើម ក្រពះ ពោះវៀន នៅទូទាំងប្រទេសកម្ពុជា។
លោកសាស្ដ្រាចារ្យ បន្ដទៀតថា «យើងតែងតែព្យាយាមរក និងអនុវត្តនូវយុទ្ធសាស្ត្រជាច្រើន ដែលអាចផ្ដល់ការព្យាបាលដ៏ប្រសើរបំផុត តាមដែលអាចធ្វើទៅបាន ព្រោះការស្វែងរក រោគវិនិច្ឆ័យដំបូង នៃជំងឺមហារីក ថ្លើម ក្រពះ ពោះវៀន និងការព្យាបាលទាន់ពេល មានតួនាទីសំខាន់ នៅក្នុងការដោះស្រាយបន្ទក់ថែទាំដ៏ធ្ងន់ធ្ងរនេះ»។
លោកបញ្ជាក់ថា «ហេតុនេះហើយ យើងអាចជួយកាត់បន្ថយ បានយ៉ាងច្រើន នូវបន្ទុកដ៏ធ្ងន់ធ្ងរ របស់ក្រុមគ្រួសារអ្នកជំងឺ និងសង្គមជាតិ ប្រសិនបើយើងអនុវត្តបានត្រឹមត្រូវ»។ ចំណែកឯ ការវិវត្តន៍នៃបច្ចេកវិទ្យាថ្មី និងទំនើបកម្មផ្នែកសម្ភារ អង់ដូស្កុបពីវិញ បានធ្វើឲ្យការស្វែងរករោគវិនិច្ឆ័យដំបូង និងការព្យាបាលជំងឺមហារីកថ្លើម ក្រពះ ពោះវៀន បានកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជាងមុនថែមទៀត។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយព្រមទាំងផ្លាស់ប្ដូរនូវវីធីសាស្ត្រ បទពិសោធន៍ ក្នុងការពិនិត្យ ព្យាបាល និងការថែទាំ បែបវិទ្យាសាស្ត្រ នៃការធ្វើអង់ដូស្កូ ពីដែលមានប្រសិទ្ធភាពខ្ពស់ធានា បាននូវគុណភាពទំនុកចិត្ត សម្រាប់អ្នកជំងឺ ដែលមកទទួលសេវា សុខុមាលភាពមន្ទីរពេទ្យ។
លោកថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះដោយសារប្រទេសជប៉ុន ដែលជាប្រទេសដែលមានបច្ចេកវិទ្យា អង់ដូស្កុបពីខ្ពស់បំផុត ហើយក៏បញ្ជាក់នូវ សាមគ្គីភាព យ៉ាងស្អិតរមួត រវាងភាគីមិត្តប្រទេសជប៉ុន-កម្ពុជា បន្ថែមលើសពីបទបង្ហាញជាទ្រឹស្ដី ការបង្ហាញអនុវត្តន៍នឹងត្រូវបានធ្វើឡើង ពីសំណាក់ក្រុមគ្រូពេទ្យឯកទេស ដែលនេះសុទ្ធសឹងជាគុណ ប្រយោជន៍ទ្វេដង ទៅលើការពន្យល់ឲ្យកាន់តែច្បាស់ និងប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រី សង្ឃឹមថា សិក្ខាសាលានេះ នឹងនាំមកនូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់វិស័យសុខាភិបាលនៅកម្ពុជា មានការអភិវឌ្ឍន៍ ដ៏ខ្លាំង ក្លាទាំងក្នុងពេលបច្ចុប្បន្ន និងតម្រូវការនាពេលអនាគត។ លោកជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងត្រូវខំព្យាយាមត្រងត្រាប់យកចិត្តទុកដាក់ ក្រេបយកចំណេះដឹងថ្មីៗ ទៅអនុវត្តន៍នៅតាមអង្គភាពរៀងៗខ្លួន ឲ្យកាន់តែប្រសើរប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់៕