(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ទោសមន្រ្តីនៅតាមបណ្ដាស្ថាប័នមួយចំនួន ដែលបានធ្វើការយឺតយ៉ាវ ពេលខ្លះកម្មវិធីចប់អស់ហើយ បានយកឯកសារមកតាមក្រោយ។
ថ្លែងដល់កិច្ចការរដ្ឋបាល និងការចរាចរឯកសាររដ្ឋបាល សម្ដេចក្រឡាហោម ស ខេង នៅព្រឹកមិញនេះ បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃមុនថ្ងៃសន្និបាតពន្ធនាគារ ដែលខ្ញុំកាន់មកឯកសារមួយ ដល់ទៅដល់ផ្ទះឃើញឯកសារមួយទៀត ដោយមួយគេសរសេរសុន្ទរកថា មួយគេសរសេរជំនួយស្មារតី ចង់និយាយថាចរាចរវាយឺត ខុទ្ទកាល័យខ្ញុំក៏យឺតដែរ ជួនអីរឿងធ្វើចប់ហើយ ប៉ុន្ដែឯកសារទើបមកដល់»។
ចំណុចទាំងអស់នេះហើយសម្ដេច ស ខេង ស្នើដល់គ្រប់ស្ថាប័ន អង្គភាពរដ្ឋទាំងអស់ត្រូវតែខិតខំប្រឹងប្រែងជំរុញការងាររដ្ឋបាល និងការចរាចរឯកសារឲ្យបានលឿន ព្រោះថានៅពេល ចរាចរឯកសារបានលឿន កិច្ចការផ្សេងក៏ដំណើរការលឿនដូចគ្នាផងដែរ តែកន្លងទៅកិច្ចប្រជុំបានបញ្ចប់ហើយ ទើបមានសុំគោលការណ៍តាមក្រោយ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ឯកសារដែលពិសេសជាងគេ ដែលមិនអាចយឺតយ៉ាវបាននោះ គឺឯកសារទៅប្រមុខ នៃរាជរដ្ឋាភិបាល ហើយឯកសារដែលឆ្លងពីប្រមុខរដ្ឋាភិបាល ថ្វាយទៅព្រះមហាក្សត្រ ដែលចាំបាច់បំផុតគឺធ្វើឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ពាក់ព័ន្ធបញ្ហានេះ សម្ដេចធ្លាប់បានណែនាំច្រើនដងណាស់ទៅហើយ ប៉ុន្ដែនៅតែមានការធ្វេសប្រហែលដដែល។
បន្ថែមពីនេះ សម្ដេចឧបនាយករដ្ឋមន្ដ្រី បានផ្ដល់គំនិតយោបល់ថា រាល់គ្រប់ឯកសាររដ្ឋបាលទាំងអស់ ត្រូវតែមានគំរូ និងទម្រង់មួយច្បាស់លាស់ ដែលការសរសេររបៀបមិញ ជាប្រកាស ហើយព្រះរាជក្រឹត្យត្រូវសរសេររបៀបមិច ព្រោះបើសរសេរមិនត្រូវមិនសាកសមជាមន្ដ្រីនោះទេ៕