(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក ទឹម សៅសុភ័ក្ត្រ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ដែលដកកាំភ្លើងប៉ុនប៉ងបាញ់សម្លាប់បុរសម្នាក់ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីដើមឆ្នាំ២០១៧។
ជាមួយនឹងការប្រកាសសាលក្រម នៅថ្ងៃស្អែកនេះ ជនរងគ្រោះមានសង្ឃឹមថា តុលាការនឹងអាចផ្តល់យុត្តិធម៌ដល់រូបខ្លួន ខណៈដែលជនជាប់ចោទកំពុងតែរស់នៅក្រៅពន្ធនាគារ យ៉ាងសប្បារីករាយ បើទោះបីជាបានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងណាក្តី។ យ៉ាងណាក៏ដោយ មន្រ្តីនគរបាលដែលរងការចោទថា បានបាញ់ប៉ុងប៉ងសម្លាប់ជនរងគ្រោះ បានឆ្លើយបដិសេធ និងអះអាងថា វាជាការរាលកៃកាំភ្លើង មិនមែនជាការបាញ់ប៉ុងប៉ងសម្លាប់ជនរងគ្រោះនោះទេ។
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ញឹម សុគា ដែលអះអាងថាជាជនរងគ្រោះ ដោយសារមន្រ្តីនគរបាលរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនៅតែមានក្តីសង្ឃឹម និងជឿទុកចិត្តលើប្រព័ន្ធតុលាការ អាចរកយុត្តិធម៌ជូនលោកបាន បើទោះជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ព្យាយាមជួយជនជាប់ចោទ តាំងពីពេលកើតហេតុរហូតមកក៏ដោយ។
លោកបន្តថា កាលពីពេលកើតហេតុភ្លាម ជនជាប់ចោទបានដកកាំភ្លើងដេញបាញ់ប៉ងសម្លាប់លោក តែត្រូវបានពលរដ្ឋរួមជាមួយសមត្ថកិច្ច ជួយឃាត់ រហូតជនជាប់ចោទ បាញ់សមត្ថកិច្ចម្នាក់ឱ្យរងរបួស ក៏សមត្ថកិច្ចជំនាញនៅមូលដ្ឋានខណ្ឌព្រែកព្នៅ មិនបានអនុវត្តច្បាប់ចាប់ខ្លួនជនជាប់ចោទ កសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ ថែមទាំងព្យាយាមជួយលាក់បាំងការពិត និងសម្របសម្រួល សុំកុំឱ្យលោក និងសមត្ថកិច្ចម្នាក់ដែលរងគ្រោះប្តឹងថែមទៀតផង។
លោក ញឹម សុគា បញ្ជាក់ថា ដូច្នេះ ហើយទើបលោកផ្តល់ក្តីសង្ឃឹមចុងក្រោយលើ ស្ថាប័នតុលាការថា អាចផ្តន្ទាទោស និងចេញដីកាចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ទៅដាក់ពន្ធនាគារ ឱ្យសមនឹងអំពើដែលបានប្រព្រឹត្ត លើពលរដ្ឋស្លូតត្រង់ និងកុំឱ្យមន្ត្រីរូបនេះក្លាយជាគំរូអាក្រក់ ដល់បងប្អូនសមត្ថកិច្ចដែលល្អៗដទៃផ្សេងទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសមន្ត្រីនគរបាលខណ្ឌព្រែកព្នៅរូបនេះ។
ជាមួយគ្នានេះ លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ពីបទ «បង្កឱ្យមានរបួសដោយអចេតនា» ដោយបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរប៉ុស្តិ៍នគរបាល សង្កាត់សំរោង ផ្លូវ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខ្លួន ជនរងគ្រោះ បានជិះឡានម៉ាកបាឡែនទៅមើលស្រះត្រី ក្បែរកន្លែងកើតហេតុ។ ក្រោយមក ខ្លួនបានចូលទៅមើលគោ នៅជាប់ប៉ុស្តិ៍រដ្ឋបាល សង្កាត់សំរោងពេលនោះ មានឈ្មោះ រ៉ា ភារុណ ជានគរបាលប៉ុស្តិ៍សសង្កាត់សំរោង បានហៅទៅផឹកនៅក្នុងប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង។ ពេលខ្លួនចូលទៅផឹកក៏ជួបជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី។ ពេលផឹកស៊ីនោះ ក៏មានការទាស់ទែងរវាងជនត្រូវចោទ និងជនរងគ្រោះ រហូតមានការរាលកៃកាំភ្លើងតែម្តង ប៉ុន្តែសម្រាប់ករណីនេះ ត្រូវបានជនរងគ្រោះបានប្តឹងជនរងគ្រោះថា មានបំណងចង់បាញ់គេ។
ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ ទើបខ្លួនបានសម្រេចចិត្តដាក់ពាក្យប្តឹង ជនជាប់ចោទ ពីបទ ប៉ុនប៉ងឃាតកម្ម នៅតុលាការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យជួយរកយុត្តិធម៌។
ដោយឡែកលោក លឹម សំអឿន ជាមេធាវីការពារសិទ្ធិឱ្យជនរងគ្រោះ បានសំណូមពរឱ្យតុលាការ ពិចារណា កែប្រែបទ ចោទលើជនជាប់ចោទពីបទ បង្កឱ្យមានរបួសស្នាមដោយអចេតនា ទៅជាបទ «ប៉ុនប៉ងឃាតកម្ម»៕