(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តាមគោលដៅនានាទូទាំងខេត្តពេញមួយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានត្រួតពិនិត្យរថយន្តជិត២០០គ្រឿង ក្នុងនោះរកឃើញរថយន្តដឹកសំពីងសំពោងចំនួន២៨គ្រឿង ព្រមទាំងរកឃើញរថយន្តតទ្រុងកែច្នៃខុសបច្ចេកទេសចំនួន៣គ្រឿង ដោយបានកាត់ចោលនៅនឹងកន្លែងតែម្តង ព្រមទាំងធ្វើការពិនយ័រថយន្តមួយគ្រឿង ដឹកលើសទម្ងន់បានថវិកាចូលរដ្ឋជិត៦លានរៀលផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គណៈកម្មការក្រុមការងារ ត្រួតពិតនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត រួមមាន មន្ត្រីមន្ទីរសាធារណការខេត្ត កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងអជ្ញាធរក្រុងស្រុក បានចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ ជាលទ្ធផលបានឃាត់រថយន្តកែខុសលក្ខណៈបច្ចេកទេសចំនួន៣គ្រឿង ដោយកាត់ទ្រុងចោលនៅនឹងកន្លែងតែម្ដង។
លោកបន្តថា ក្នុងចំណោមរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំង៣គ្រឿងនេះ មានរថយន្តមួយគ្រឿង មិនត្រឹមតែកែច្នៃខុសលក្ខណៈបច្ចេកទេសទេ គឺដឹកលើសទម្ងន់(ដឹកថ្ម)រហូត១៧តោនឯណោះ ។ ចំពោះការអនុវត្តរបស់ក្រុមការងារ យើងធ្វើការពិនយ័រថយន្តដែលដឹកលើសទម្ងន់នេះ មួយតោន៣០ម៉ឺនរៀលគុណឲ្យ១៧តោន ស្មើនិងថវិកា៥២៤៤០០០រៀលបង់ចូលរដ្ឋ ក្រៅពីនោះយើងឲ្យរើទម្ងន់ដែលលើស ទម្លាក់ចុះ និងកាត់ទ្រុងដែលកែច្នៃខុសបច្ចេកទេសចេញ ទើបយើងអនុញ្ញាតឲ្យចរាចរណ៍ទៅមុខទៀតបាន។
លោកបញ្ជាក់ផងដែរថា «តាមពិតក្រុមការងារយើង មិនចង់ធ្វើការពិន័យរថយន្តនេះទេ តែក្រុមហ៊ុនរថយន្តដឹកថ្មនេះ គឺក្រុមការងារបានធ្វើការអប់រំជាច្រើនដងមកហើយ លើសពីនេះ យើងបានធ្វើកិច្ចសន្យា តែហាក់ដូចមិនអនុវត្តតាមសោះ ដូច្នេះហើយទើបក្រុមការងារយើងសម្រេចចិត្តអនុវត្តតាមច្បាប់ដោយមិនលើកលែង ហើយសូមអំពាវនាវឲ្យម្ចាស់រថយន្តផ្សេងៗទៀត ត្រូវចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ឲ្យបានគ្រប់ៗគ្នា គឺមិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ជាដាច់ខាត។ ដោយឡែកបើតាមការសង្កេត នៅខេត្តព្រះវិហារ មិនមានកន្លែងកែច្នៃរថយន្តនោះទេ ហើយរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើចរាចរណ៍ក្នុងទឹកដីខេត្តព្រះវិហារ ភាគច្រើនគឺរថយន្តមកពីខេត្តផ្សេងៗ»។
លោកបានបន្តថា «រហូតមកដល់ពេលនេះ ក្នុងទឹកដីខេត្តព្រះវិហារ ឲ្យតែមានរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ គឺក្រុមការងារនឹងបន្តអនុវត្តចាប់ឃាត់ និងកាត់ទ្រុងនៅនិងកន្លែង ដោយមិនមានការលើកលែងនោះឡើយ នេះបើយោងទៅតាមច្បាប់»។
លោក សំ លាងទ្រី បានឲ្យដឹងទៀតថា នៅក្នុងយុទ្ធនាការចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសតាមគោលដៅនានា ក្នុងខេត្តជាលទ្ធផលមាន៖
* រថយន្តត្រូវធ្វើការត្រួតពិនិត្យ១៤០គ្រឿង
* រថយន្តពិនិត្យឃើញត្រឹមត្រូវ៦០គ្រឿង
* រថយន្តបានណែនាំដឹកសំពីងសំពោង២៨គ្រឿង
* រថយន្តពុំមានឯកសារគ្រប់គ្រាន់៣០គ្រឿង
* រថយន្តត្រូវបានដោះចង្អើរកន្ទុយ០៣គ្រឿង
* រថយន្តគ្មានស្លាកលេខ៦គ្រឿង
* រថយន្តគ្មានបណ្ណ័បើកបរ១០គ្រឿង
* កាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេស៣និងធ្វើការពិនយ័ជាប្រាក់រថយន្តដឹកលើសទម្ងន់មួយគ្រឿងផងដែរ៕