(ព្រះវិហារ)៖ កម្លាំងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សហការជាមួយកម្លាំង ក-២ កងពលធំអន្តរាគមន៍លេខ៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតបានថ្នាំញៀនសរុបចំនួន៤១កញ្ចប់ (ក្នុងនោះធំ២៥កញ្ចប់) ស្មើនឹង១០៨.៨៤ក្រាម។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយអនុវត្តន៍តាមការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងកងអាវុធហត្ថស្រុកជាំក្សាន្តចំនួន៩នាក់ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមកាសម្របសម្រួលពីលោក ទី សុរិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ទៅបង្ក្រាបបានមុខសញ្ញាចែកចាយ នឹងជួញដូរសារធាតុញៀនបានម្នាក់ ព្រមទាំងធ្វើការឆែកឆេលំនៅដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបន្តថា វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន៤១កញ្ចប់ ក្នុងនោះធំ២៥កញ្ចប់ រួមទាំងវត្ថុតាង មួយចំនួនរួមមាន៖ លុយខ្មែរចំនួន១លារៀល (មួយលានរៀល) ទូរសព្ទដៃ១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន២ រថយន្តម៉ាក NAVARA ពាក់ស្លាកលេខ ភ្នំពេញ២AQ.៩៣.៧៦ មួយគ្រឿង រួមទាំងសម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀតផងដែរ។
ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះលោក អ៊ុន ចាន់ដា ដែលលោកបានយកចិត្តទុកដាក់ផ្តល់នូវ ការលើកទឹកចិត្តដល់កងកម្លាំងដែលបង្ក្រាបគ្រឿងញៀន បានមួយករណីលោកឧបត្ថម្ភថវិការ មួយលានរៀលផងដែរ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕