(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១៩គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន១៩គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន១៨គ្រឿង និងរ៉ឺម៉ក់កង់បី១គ្រឿង។
បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី។
ជាមួយគ្នានេះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ គិចចាប់ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និងរថយន្តកែច្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុងផងដែរ។
ជាលទ្ធផល នៃការចុះត្រួតពិនិត្យនោះ បានធ្វើការឃាត់រថយន្តសរុបចំនួន២គ្រឿងរួមមាន៖ រថយន្តប្រភេទក្បាល3A (ដឹកសំពីងសំពោង) ចំនួន១គ្រឿង (អប់រំណែនាំអោយត្រឡប់ទៅវិញ) និងរថយន្តរ៉ឺម៉ក់សណ្តោងភ្លៅ៥កាត់ផ្លូវ ហើយរថយន្តទាំង២ដឹកសម្ភារសំណង់មានលក្ខណៈត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញផងដែរ៕