(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដោយសារឥទ្ធិពលរបស់ព្យុះទី២ ឈ្មោះ សាន់បា (SANBA)។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ការបន្ដធ្លាក់ភ្លៀងកក់ខែ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃ ទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារឥទ្ធិពលរបស់ព្យុះទី២ ឈ្មោះ សាន់បា (SANBA) បានធ្វើឲ្យមានភ្លៀងកក់ខែ ធ្លាក់ពីតិចទៅបង្គួរនៅតាមបណ្ដាខេត្តមួយចំនួន។
ក្រសួងធនធានទឹក បានបញ្ជាក់ថា មកដល់ពេលនេះ ព្យុះទី២ បានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្ដែខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើនឥទ្ធិពលមកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន (នៅថ្ងៃទី២២-២៣ ខែកុម្ភៈ) ពិសេសនៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង នៃរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖