(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ម្ចាស់ជយលាភី The Voice of Cambodia រដូវកាលទី១ ប៊ុត សីហា កាលពីចុងឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន។
ការចាប់ឃាត់ខ្លួនលោក ប៊ុត សីហា ម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក The Voice Cambodia របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាសរូបនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលរបស់លោកពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ពិតប្រាកដមែន នៅពេលដែលរូបគេ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា នៅពេលសួរនាំនិងរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះ លោកបានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទង ទៅអាណាព្យាបាលនិងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។
បើតាមមន្រ្តីនគរបាលរូបនេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានលោក ប៊ុត សីហា ប្រមាណកន្លះខែមកហើយ ទើបតែចាប់ខ្លួនឃាត់នៅពេលនេះសង្ស័យពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ខណៈលោកកំពុងបើករថយន្តនៅតាមដងផ្លូវ។
ក្រោយស្ទាក់ចាប់ខ្លួន តារាចម្រៀងក្មេងវស្សារូបនេះ ត្រូវបាននាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត ប៉ុន្តែគេមិនទាន់ដឹងថា មានគ្រឿងញៀនប៉ុន្មាននោះទេ ដែលត្រូវរឹបអូស៕