(ភ្នំពេញ)៖ លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) លេខាទី១ នៃស្ថានទូតរុស្សី ប្រចាំនៅកម្ពុជា បានសន្យាបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ស្កាត់ និងប្រឆាំងភេរវកម្មរួមគ្នាជាមួយកម្ពុជាហើយនិងបញ្ជូននគរបាលជាន់ខ្ពស់របស់ខ្លួនមកកម្ពុជានាពេលខាងមុខ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញដល់មន្រ្តីនគរបាលជាតិកម្ពុជា ។
ការសន្យារបស់ លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) យ៉ាងនេះគឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) បានលើកឡើងថា រុស្ស៊ីឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ប្រឆាំងភេរវកម្មជាមួយកម្ពុជា និងធ្វើយ៉ាងណាជម្រុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើរសុំភាគីរុស្ស៊ី ឲ្យបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ឬក៏បញ្ជូននគរបាលជាតិកម្ពុជាឲ្យទៅសិក្សានៅប្រទេសរុស្ស៊ី ។
នៅក្នុងកិច្ចពិភាក្សានោះ លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) ក៏បានស្នើរសុំនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បង្កើនការសហការការពារដល់ជនជាតិរុស្ស៊ី ដែលរស់នៅប្រទេសកម្ពុជាផងដែរ ៕