(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំដល់មគ្គុទ្ទេសក៍ទេសចរណ៍ថា ពួកគេជាទូតនាំសារដែលទាក់ទងនឹងវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិ ប្រាប់ទៅកាន់ភ្ញៀវទេសចរផ្ទាល់ ដូច្នេះត្រូវចងចាំថា «អត្តសញ្ញាណរបស់អ្នក ជាអនាគតរបស់អ្នក»។

លោករដ្ឋមន្ត្រី ថោង ខុន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៤ សាស្រ្តាចារ្យ និងសិស្ស និស្សិតប្រមាណ៣៥០នាក់ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារនូវវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិទៅកាន់ភ្ញៀវទេសចរដោយផ្ទាល់ ក្នុងនោះលោករដ្ឋមន្រ្តីបានលើកឡើងពីទស្សនទាន «អត្តសញ្ញាណរបស់អ្នក ជាអនាគតរបស់អ្នក» សំដៅឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ និងមានអត្តចរឹតស្លូតបូត ចូលរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ ដែលនឹងនាំមកនូវអនាគតប្រសើរដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ​ប្រកដោយនិរន្តរភាព និងការទទួលខុសត្រូវ។

លោកបានលើកឡើងពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនដែលធ្លាប់មានក្នុងប្រវិត្តសាស្ត្រកម្ពុជា ហើយបានណែនាំសិក្ខាកាមទាំងអស់ឲ្យខិតខំថែរក្សានូវសមិទ្ធផលទាំងនេះ ដែលជាចលករ​ជំរុញការអភវិឌ្ឍលើគ្រប់វិស័យ សន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស។

លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត​ និងគោរពឲ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលប្រកបវិជ្ជាជីវមគ្គុទ្ទេសក៍ទេសចរណ៍ និងជៀសវាងឲ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប្រាស់ចាកពីសីលធម៌សង្គម និងអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍។

សូមរំលឹកថា វិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកប្រមាណ ១២% នៃផលិតផល​ក្នុងស្រុកសរុប (GDP) និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ ក្នុងកំណើន ១១.៨%។ តាមការព្យាករណ៍ ទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ឧស្សាហកម្មទេសចរណ៍នឹងបង្កើតឱកាសការងារផ្ទាល់ប្រមាណ ១លាននាក់ និងប្រមាណ ១.២លាននាក់ នៅឆ្នាំ២០២៥ ព្រមទាំងប្រមាណ ១.៧លាននាក់ នៅឆ្នាំ២០៣០។

បច្ចុប្បន្ន កម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥,០០០នាក់ និងមានតម្រូវការប្រមាណ ១ម៉ឺននាក់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាង៧លាននាក់ នៅឆ្នាំ២០២០៕