(បន្ទាយមានជ័យ)៖ ចំណីអាហារផ្ទុកសារធាតុគីមី និងខូចគុណភាព ដែលកំពុងដាក់លក់លើទីផ្សារបានក្លាយជាក្តីបារម្ភ និងជាចំណោទបញ្ហាដ៏សំខាន់មួយសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។ ការទប់ស្កាត់ទំនិញមានផ្ទុកសារធាតុគីមីពីប្រទេសជិតខាង និងការបោសសំអាតទំនិញខូចគុណភាព ឬ ហួសសុពលភាព គឺជាភារកិច្ចដ៏ចម្បងរបស់មន្ត្រីកាំកុងត្រូល។
ខេត្តបន្ទាយមានជ័យជាខេត្តមួយ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសថៃ ក្រៅពីលំហូរទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅ នៅមានច្រករបៀងជាច្រើនទៀត ក៏ជាកន្លែងនាំទំនិញពីប្រទេសថៃចូលមកទីផ្សារប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមទំនិញទាំងនោះ ទំនិញ ខ្លះក៏មានគុណភាពត្រឹមត្រូវមិនបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ តែក៏មានទំនិញចំណីអាហារ ភេសជ្ជៈ ត្រី សាច់មួយចំនួនក៏ មានសារធាតុគីមី និងសារធាតុដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
អតីតប្រធានកាំកុងត្រូលខេត្តប៉ៃលិន ដែលទើបនឹងត្រូវបានផ្លាស់ប្តូរមកកាន់តួនាទីជាប្រធានកាំកុងត្រូលក្នុងខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានបន្តសកម្មភាពរបស់ខ្លួនដោយយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបោសសំអាតទំនិញដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅបណ្តាខេត្តដទៃទៀតផងដែរ។
ប្រធានសាខាកាំកុងត្រូលរូបនេះ បានលើកឡើងថា ខេត្តបន្ទាយមានជ័យ ជាច្រកដ៏ធំមួយក្នុងការនាំទំនិញពីប្រទេសថៃសម្រាប់ចែកចាយ ក្នុងខេត្តបន្ទាយមានជ័យ និងនាំទៅបណ្តាខេត្តដទៃទៀតផងដែរ។ ដូច្នេះបើការត្រួតពិនិត្យទំនិញមិនបានល្អិតល្អន់ទេនោះ ទំនិញទាំងនោះមិនត្រឹមតែបង្កបញ្ហាសុខភាពដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឡើយ តែក៏នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋខេត្តដទៃទៀតដូចគ្នា។
«តំបន់នេះជាខេត្តមួយធំ ហើយជាមាត់ច្រកមានវិសាលភាពធំធេងក្នុងការនាំផលិតផលម្ហូបអាហារ និងបណ្តាផលិតផលផ្សេងៗទៀតចូលពីប្រទេសថៃ។ វាខុសពីប៉ៃលិន ប៉ៃលិនមានតែច្រកព្រំមួយទេ តែទីនេះក្រៅពីច្រកទ្វារប៉ោយប៉ែត នៅមានច្រករបៀបផ្សេងៗទៀត តម្រូវឲ្យរូបខ្ញុំនេះត្រូវដឹកនាំសហការី និងមន្ត្រីជំនាញកាំកុងត្រូលទាំងអស់ស្ថិតក្រោមឱវាទរបស់ខ្ញុំ យើងលៃលកកម្មវិធីឲ្យបានច្រើនតាមដែលអាចធ្វើបាន។ មានន័យថា មិនមែនមួយខែចុះមួយដង ឬ ពីរដងទេ កម្មវិធីយើងត្រួតពិនិត្យជាអចិន្ត្រៃយ៍នៅតាមច្រកទ្វារនាំចូល នៅលើទីផ្សារ នៅតាមគេហដ្ឋានដែលដាក់តាំងលក់។ ជាពិសេសត្រូវស្វែងយល់ដល់មូលគ្រឹះនៃការផ្សព្វផ្សាយជារូបវ័ន្ត ដល់គ្រឹះស្ថានសិក្សាគ្រប់លំដាប់ថ្នាក់ ដែលមានក្នុងខេត្តទាំងមូល»។ នេះជាការបញ្ជាក់របស់លោក សាន វិជ្ជាសារ៉ាវុធ។
អាហារដែលហួសសុពលភាពប្រើប្រាស់ ខូចគុណភាព ឬមានលាយសារធាតុបូរ៉ាក់ និងហ្វកម៉ល នឹងបណ្តាលឲ្យប្រើប្រាស់ រលាកបំពង់រំលាយអាហារ ក្រពះ ពោះវៀន ហើមពោះ ចុកឆ្អល់ ឈឺក្បាលវិលមុខ ស្រវាំងភ្នែក រហូតឈានដល់ការបាត់តួនាទីបន្តពូជ ហើយបើធ្ងន់ធ្ងរអាចក្លាយទៅជាជំងឺមហារីកថែមទៀតផង។
ដើម្បីបុព្វហេតុលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនេះ លោកប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអះអាងថា នឹងប្រឹងប្រែងទប់ស្កាត់ និងបោសសំអាតទំនិញនាំឲ្យប៉ះពាល់សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត។
លោក បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងដឹកនាំសហការីខ្ញុំក្នុងអាណត្តិដែលខ្ញុំកាន់នេះ ធ្វើយ៉ាងណាឲ្យកាន់តែប្រសើរ។ បើយើងអាចទប់ស្កាត់ម្ហូបអាហារណាមួយយើងត្រូវធ្វើដោយឆន្ទៈ ដោយមនសិការ និងស្របតាមបទពិសោធន៍បច្ចេកទេស ប៉ុន្តែត្រូវអនុលោមតាមតួនាទី ភារកិច្ចដែលចែងដោយច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ»។
បើទោះបីជាយ៉ាងណាលោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យរូបនេះ បានទទូចសុំឲ្យអ្នកនាំចូលទំនិញ ក្រុមអាជីវករលក់ដូរ គិតពីសុខភាពអ្នកប្រើប្រាស់ជាចម្បង មិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ព្រោះតែចង់បានផលចំណេញហើយបំផ្លាញសុខភាពរបស់អ្នក ប្រើប្រាស់នោះឡើយ៕