(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្ដិការបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន១៣នាក់ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងមូលដ្ឋានស្រុកព្រៃឈរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា លោកបានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចុះ​​ធ្វើការស្រាវជ្រាវ ​និងបេីកកិច្ចប្រតិបត្តិការបង្ក្រាប ជាលទ្ធផលសម្រេចបានរយ:ពេល០២ថ្ងៃ​ ដោយបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២ករណី​ និងឃាត់ខ្លួនជនសង្ស័យ១៣នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀនម្សៅក្រាមពណ៌ស២៧កញ្ចប់, ម៉ូតូ០៥គ្រឿង, ទូរស័ព្ទដៃ០៤គ្រឿង, ប្រាក់ញុះញង់២០០,០០០រៀល, កាំភ្លើងកែច្នៃ (កាំភ្លេីងខ្យល់) ០១ដេីម, ឧបករណ៍សេពមួយសម្រាប់ និងសម្ភារ:វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕