(សៀមរាប)៖ ក្នុងពិធីផ្សព្វផ្សាយស្តីពី វិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវទេសចរណ៍ អមដោយពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ដល់យុវជនត្រៀមបម្លាស់ទីការងារក្នុងតំបន់ ក្រោមក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងអាស៊ាន MRA-TP នាថ្ងៃទី២១ ខែកុម្ភៈនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអនុវត្តកម្មវិធីថ្មីមួយ គឺវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ ដល់យុវជនក្នុងវិស័យទេសចរណ៍ ឲ្យមានសមត្ថភាពខ្ពស់ស្របតាមស្តង់ដារអាស៊ាន។

ក្នុងពិធីខាងលើដែលធ្វើឡើងនៅសាលាសណ្ឋាគារ Paul Dubrule នៅខេត្តសៀមរាប លោករដ្ឋមន្ត្រីបានប្រកាសដាក់អនុវត្តវិថីអភិវឌ្ឍន៍ជំនាញ ដើម្បីបានជាផែនទីចង្អុលទិសសម្រាប់សិស្ស-និស្សិត ឬអ្នក​កំពុង​បម្រើការងារ​ចាប់យកជំនាញវិជ្ជាជីវទេសចរណ៍​ តាមកម្រិតសញ្ញាបត្រ ឬ​វិញ្ញាបនបត្រ ស្របតាមប្រព័ន្ធអប់រំ​បណ្តុះបណ្តាលជាតិ និងអាស៊ាន។

លោកបន្តថា រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានបណ្តុះបណ្តាល​គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប និងជាតិចំនួន ៥៨២រូប រៀបចំសៀវភៅសិក្សាចំនួន ៩៦៨ក្បាល និងបានបណ្តុះបណ្តាលយុវជនប្រមាណជាង ២,០០០នាក់ រួចហើយ កម្មវិធីសិក្សាអាស៊ាននេះ និងបានការទទួលស្គាល់ពីលេខាធិការដ្ឋានអាស៊ានផងដែរ។

ដើម្បីបន្តជំរុញការផ្តល់ជំនាញទេសចរណ៍ដល់យុវជនកម្ពុជា ក្រសួងទេសចរណ៍ បានដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ​ទេសចរណ៍ ២០១៧-២០២៥ និងបានកំណត់គោលដៅ៖

* ឆ្នាំ២០២០ បង្កើតការងារផ្ទាល់ឲ្យបានប្រមាណជិត ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

* ឆ្នាំ២០២៥ បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១.២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកមា្នក់ ជំនាញមួយ» ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) មានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ាន។

* ឆ្នាំ២០៣០ សម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ៖ SDG4៖ «ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត» និង SDG8៖ «ជំរុញកំណើនសេដ្ចកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប» ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់៕