(ភ្នំពេញ)៖ បន្ទាប់ពីបានសិក្សាស្រាវជ្រាវប្រមូលផ្តុំនូវខ្លឹមសារ ទស្សនៈវិស័យ ដោយឈរលើមូលដ្ឋានការអនុវត្តន៍នយោបាយឈ្នះឈ្នះ ទទួលបានសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ គ្រោងនឹងបំពាក់ផ្តែរ (ក្បាច់លើខ្លោងទ្វារចូល) ដែលមានខ្លឹមសារខុសៗគ្នា នៅលើខ្លោងទ្វាជ័យនៃសំណង់ វិមានឈ្នះឈ្នះ នាពេលខាងមុខនេះ។
លោក ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ រៀបចំតំបន់សមិទ្ធផលក្នុងទីតាំងវិមានឈ្នះឈ្នះ ថា ក្រោយពីមានការចុះត្រួតពិនិត្យរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសំណង់វិមានឈ្នះឈ្នះផ្តែរចំនួន៤ផ្ទាំង និងសិលាចារឹក រូបចំលាក់ មួយចំនួនទៀតដែលក្រុមវិចិត្រករ បានឆ្លាក់រួចនឹងត្រូវជ្រើសរើស ដើម្បីបំពាក់លើសំណង់វិមានឈ្នះឈ្នះ។
បើតាមលោកប្រធានក្រុមការងារ ក្នុងចំណោមផ្តែរ ដែលត្រូវជ្រើសបំពាក់នោះមានចំនួន៤ផ្ទាំង ដែលផ្តែរទី១៖ បានបង្ហាញពីសុខដុមនីយ៍កម្ម ផ្នែកសាសនាដែលមាន ព្រះពុទ្ធសាសនា (មាននិមិត្តសញ្ញាធម្មចក្រ) គ្រិស្តសាសនា (មាននិមិត្តសញ្ញាឈើឆ្កាង ព្រះគម្ពីរ និងព្រាប) និងឥស្លាមសាសនា (មាននិមិត្តសញ្ញាព្រះវិហារ និងតួប៉មលំអរដោយអឌ្ឍច័ន្ទ និងផ្កាយនៅផ្នែកខាងចុង), ផ្តែរទី២៖ រូបចំលាក់ព្រះឥន្ទ្រ លើដំរីក្បាលបី ដែលដំរីនេះជាយានដ៏សំខាន់ នៃការដឹកនាំទាំងឡាយសម្រាប់នាំទៅរកជោគជ័យ ការពារ និងភាពសុខសាន្ត, ផ្តែរទី៣៖ ជាផ្តែររូបចំលាក់បង្ហាញពីគោលនយោបាយឈ្នះឈ្នះ ដែលមានការធានាបីយ៉ាងរួមមាន៖ ការធានាកម្មសិទ្ធ ការធានាជីវិត និងការធានាមុខងារ និងចំណែកផ្តែរទី៤៖ ជាផ្តែររូបចំលាក់ព្រះពុទ្ធលោកធាតុទាំង៥អង្គ។
លោក ណឹម សុវត្ថិ បន្ថែមថា រាល់ប្រធានបទនៃផ្តែរនីមួយៗ រចនាឡើងដើម្បីបង្ហាញអំពី ទិដ្ឋភាពប្រវត្តិសាស្រ្តថ្មីមួយដែលទាក់ទងការនាំមកនូវសន្តិភាព ដល់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ការរចនាទៀតសោត គឺឈរលើមូលដ្ឋានបុរាណ និងច្នៃជាទម្រង់សិល្បៈថ្មី ដោយប្រើន័យធៀប និងន័យត្រង់។
ជាពិសេសគំនិត នៃការរចនាផ្តែរប្រវត្តិសាស្ត្រនេះ កើតចេញមកពីទស្សនទាន មួយចំនួនដូចជា៖ ទី១៖ ទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន «ខ្មែរបញ្ចប់ សង្រ្គាមដោយខ្មែរខ្លួនឯង» និង «មានតែអ្នកឈ្នះទេ ដែលមានសិទ្ធិសរសេរ និងតាក់តែងប្រវត្តិសាស្រ្ត»។ ទី២៖ ទស្សនទានរបស់សមេ្តចពិជ័យ ទៀ បាញ់ «ទម្រាំមានថ្ងៃនេះ» ដែលបានរៀបរាប់អំពីដំណើរ និងប្រវត្តិនានារបស់ថ្នាក់ដឹកនាំ ដើម្បីនាំសន្តិភាពមកកម្ពុជា។
ដូច្នេះអ្វីជាប្រវត្តិសាស្ត អ្វីជាការពិតចាំបាច់ខ្មែរត្រូវផ្សព្វផ្សាយឲ្យអ្នកជំនាន់ក្រោយបានដឹង ដូចជាឧទាហរណ៌ នៃការច្នៃចេញជាទម្រង់សិល្បៈនេះ ហើយលោក ណឹម សុវត្ថិ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមយោបល់ ក្នុងការជ្រើសរើសផ្តែរ សម្រាប់លំអរលើវិមានឈ្នះឈ្នះនេះ៕