(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញលិខិតប្រាប់ទៅប្រធានអង្គភាពក្រោមឱវាទរបស់ក្រសួងទាំងអស់ ស្តីពីការផ្តល់សេវា ថែទាំសុខភាពដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនដល់បុគ្គលិក និងអ្នកជំនាញដោះមីន នៃប្រតិបត្តិករបោះសំអាតមីន ចាប់ពីថ្ងៃនេះតទៅ តាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមរបស់លិខិតរបស់លោករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពី ១៥រោងចក្រ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា មិនថាប្រតិបត្តិករនៅស៊ីម៉ាក់ ឬអង្គការដទៃទេ ឲ្យតែប្រតិបត្តិការដោះមីននៅកម្ពុជា គឺសុទ្ធតែទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ។
ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ដោយសារយល់ឃើញថា កម្លាំងប្រតិបត្តិករដោះមីន ជាកម្លាំងស្នូលមួយក្នុងការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ប៉ុន្តែបើកម្លាំងទាំងនេះមាន បញ្ហាសុខភាព ឬមានសុខភាពមិនល្អនោះទេ ដំណើរការប្រតិបត្តិការដោះមីននៅកម្ពុជា នឹងមានការយឺតយ៉ាវជាក់ជាមិនខាន ដូច្នេះការយកចិត្តទុកចំពោះសុខភាពពួកគាត់ គឺត្រូវតែធ្វើឲ្យបានដិតដល់បំផុត ហើយបញ្ហានេះក៏មានការស្នើសុំរួចហើយ ពីសំណាក់ប្រធានអង្គភាពស៊ីម៉ាក់។
ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រធានស៊ីម៉ាក់ ដែលស្នើសុំរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រតិបត្តិករដោះមីននៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតតាមសំណើរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃនេះតែម្ដង ដោយណែនាំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវសហការបំពេញការងារនេះ ជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំសូមប្រកាសជូនបងប្អូនប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា ឲ្យទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ»។
សម្ដេចតេជោបានណែនាំបន្តថា ការអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺត្រូវដាក់បញ្ចូលក្នុងមូលនិធិសមធម៌ តែមួយជាមួយកម្មករ-កម្មការិនី៕