(ឧត្តរមានជ័យ)៖ ពីខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរជាតិមីនកម្ពុជា តាងនាមឲ្យប្រតិបត្តិករជាតិ អន្តរជាតិ និងបុគ្គលិកដោះមីនទាំងអស់នៅកម្ពុជា ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ឥតឧបមាចំពោះការសម្រេចដាក់ចេញ គោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្រេចផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ សម្រាប់ក្រុមការងារដោះមីនរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល។

លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈបណ្តាញសារព័ត៌មាន Fresh News បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ជាអ្នកធ្វើការងារដោះមីន ដែលជាកូន ជាក្មួយរបស់សម្តេច តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់មន្រ្តីថ្នាក់ក្រោម ព្រមទាំងប្រតិបត្តិករអន្តរជាតិទាំងអស់ សូមសាទរយ៉ាងខ្លាំង និងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចកាលពីព្រឹកមិញនេះ បានផ្តល់កាដូជូនដល់ក្រុមយើងខ្ញុំ ចំពោះការព្យាបាលដោយឥតគិតថ្លៃ។ ទាំងនេះបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាបានយកចិត្តទុកដាក់ និងគិតគូយ៉ាងល្អិតល្អន់ ចំពោះក្រុមការងារដោះមីន នៅក្នុងប្រទេសទាំងអស់ មិនថា តែខាងផ្នែករដ្ឋទេ ក៏ចំពោះខាងអង្គការក្រៅរដ្ឋាភិបាលផងដែរ»

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ក្រុមប្រតិបត្តិករដោះមីន នៅទូទាំងប្រទេសមកពីស៊ីម៉ាក់ និងអង្គការអន្តរជាតិចំនួន៤ផ្សេងទៀត មានចំនួន២៤៨៩ ក្នុងនោះមានស្រ្តីចំនួន៤៩៨នាក់។

សូមបញ្ជាក់ថា ​នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន​ សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពី ១៥រោងចក្រ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា មិនថាប្រតិបត្តិករនៅស៊ីម៉ាក់ ឬអង្គការដទៃទេ ឲ្យតែប្រតិបត្តិការដោះមីននៅកម្ពុជា គឺសុទ្ធតែទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ។

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ដោយសារយល់ឃើញថា កម្លាំងប្រតិបត្តិករដោះមីន ជាកម្លាំងស្នូលមួយក្នុងការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ប៉ុន្តែបើកម្លាំងទាំងនេះមាន បញ្ហាសុខភាព ឬមានសុខភាពមិនល្អនោះទេ ដំណើរការប្រតិបត្តិការដោះមីននៅកម្ពុជា នឹងមានការយឺតយ៉ាវជាក់ជាមិនខាន ដូច្នេះការយកចិត្តទុកចំពោះសុខភាពពួកគាត់ គឺត្រូវតែធ្វើឲ្យបានដិតដល់បំផុត ហើយបញ្ហានេះក៏មានការស្នើសុំរួចហើយ ពីសំណាក់ប្រធានអង្គភាពស៊ីម៉ាក់។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រធានស៊ីម៉ាក់ ដែលស្នើសុំរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រតិបត្តិករដោះមីននៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតតាមសំណើរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ នៅថ្ងៃនេះតែម្ដង ដោយណែនាំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវសហការបំពេញការងារនេះ ជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំសូមប្រកាសជូនបងប្អូនប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា ឲ្យទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ»

សម្ដេចតេជោបានណែនាំបន្តថា ការអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺត្រូវដាក់បញ្ចូលក្នុងមូលនិធិសមធម៌ តែមួយជាមួយកម្មករ-កម្មការិនី៕