(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានទទួលជួបគណៈប្រតិភូ សន្និសីទសេដ្ឋកិច្ចមុស្លិមម៉ាឡេ និងអាស៊ាន ដឹកនាំដោយ លោក Tan Seri Dato’ Dr. Rahim Tamby Chik ប្រធាន និងប្រតិភូអមដំណើរ៦រូប ដើម្បីចូលជួបសំណេះសំណាល និងការអញ្ជើញតំណាងធុរជនកម្ពុជា ជាសមាជិកទី៧ របស់សន្និសីទដើម្បីចូលរួមដែលនឹងត្រូវធ្វើឡើងនៅអំឡុងខែមីនា ឆ្នាំ២០១៨។
លោក Tan Seri Dato’ Dr. Rahim Tamby Chik បានថ្លែងថា វត្តមានរបស់លោកឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងនាមថ្នាក់ដឹកនាំឥស្លាម គឺពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកពីឱកាសវិនិយោគទៅវិញទៅមក ជាមួយសហគ្រិន ធុរជន និងវិនិយោគិន ដែលជោគជ័យក្នុងកិច្ចការវិនិយោគហើយសុទ្ធតែ ជាតំណាងក្រុមហ៊ុន តំណាងប្រទេស ដែលមានដើមទុនវិនិយោគគ្រប់កម្រិត។
ជាមួយគ្នានោះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ដល់ភាគីម៉ាឡេស៊ី ដែលជាដៃគូរកិច្ចសហការលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិនិយោគ និងមនុស្សធម៌ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការល្អជាមួយកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរឥស្លាម។
លោកឧកញ៉ា បានចាត់ទុកការអញ្ជើញចូលរួមនេះ គឺជាការបង្ហាញពីភាពស្និទ្ធស្នាលរវាងភាគីប្រទេសទាំងពីរ ហើយលោកនឹងអញ្ជើញតំណាងកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិនេះ។
សូមជម្រាបថា Tan Seri Dato’ Dr. Rahim Tamby Chik សន្និសីទសេដ្ឋកិច្ចមុស្លិមម៉ាឡេ និងអាស៊ាន បានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលមានលោក Dato’ Sri Mohd Najib Tun Razak នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ជាប្រធានកិត្តិយស បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពង្រឹងពង្រឹង ពង្រីកកិច្ច សហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ការងារវិនិយោគ សេដ្ឋកិច្ច សហគ្រិន ធុរជន នៃសហគមន៍មុស្លិមក្នុងពិភពម៉ាឡាយ៉ា ដែលមានសមាជិកតំណាង ប្រទេសចំនួន៧ រួមមាន ម៉ាឡេស៊ី សាំងហ្គាពួរ ឥណ្ឌូណេស៊ី ប្រុយណេ សហគមន៍ឥស្លាមថៃភាគខាងត្បូង ភីលីពីនភាគខាងត្បូង និងកម្ពុជា ដែលមានថ្នាក់ដឹកនាំឥស្លាម៕