(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសថា កងទ័ពកម្ពុជា បានត្រៀមខ្លួន រួចហើយក្នុងការសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃអាទិត្យខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បាននៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា «កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ គណៈបញ្ជាការឯកភាពមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលពី៤នេះ ដើម្បីធានាឱ្យការបោះឆ្នោតដំណើរការទៅយ៉ាងរលូន និងប្រកបដោយភាពសុខសាន្ត»។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយមាន ការិយាល័យ បោះឆ្នោតចំនួន៣៣ នៅទូទាំង២៥រាជធានី-ខេត្ត និងមានអង្គបោះឆ្នោតសរុបចំនួន ១១,៦៩៥រូប ក្នុងនោះមាន សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១,៥៧២រូប និងតំណាងរាស្ត្រចំនួន ១២៣រូប។ ការបោះឆ្នោតនេះ មានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។
ទាក់ទងនឹងបញ្ហានេះដែរ សម្រាប់នគរបាលឯនោះវិញ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ កាលពីម្សិលមិញ បានប្រកាស ឱ្យសមត្ថកិច្ច ត្រូវពង្រឹងការការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ដំណើរការ បានដោយជោគជ័យ គ្មានអំពើហិង្សា៕