(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនមន្រ្តីយោធាពាក់ស័ក្តិ៥ ដែលផ្ទុះអាវុធបណ្តាលឲ្យអ្នកបើករថយន្ត តាក់ស៊ីម្នាក់រងរបួសធ្ងន់ ទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ បានរាយការណ៍នៅរសៀលថ្ងៃនេះ។
របាយការណ៍របស់នគរបាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ប៉ែន សាយវ័ន្ត អាយុ៣៤ឆ្នាំ មុខរបរយោធា មានឋានន្តរស័ក្តិវរសេនីយ៍ឯក (ស័ក្តិ៥) បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ទីលំនៅផ្ទះលេខ២៨២ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះមានឈ្មោះ ជុំ គា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈជនសង្ស័យបានចេញពីផឹកស៊ីនៅក្លឹបកាហ្សា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានហៅរថយន្តតាក់ស៊ី របស់ជនរងគ្រោះជិះទៅផ្ទះនៅម្តុំស្ពានដែកចំការដូង។ លុះជិះដល់ចំណុចកើតហេតុ ម្តុំមុខអតីតរោងកុនអង្គរខណ្ឌ៧មករា ជនសង្ស័យបានដកកាំភ្លើងខ្លី ម៉ាកប្រាហាបណ្តាលឲ្យផ្ទុះ១គ្រាប់ ចំជនរងគ្រោះត្រូវចង្កេះខាងស្ដាំ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយបាញ់ជនរងគ្រោះរួច ជនសង្ស័យបានចុះពីរថយន្តរត់គេចខ្លួន ចូលទៅពួននៅជណ្តើរលេខ៦៨ ជាន់ទី២ ផ្លូវ១៦៤ ភូមិ១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗតែម្តង ដោយដកហូតបានកាំភ្លើងខ្លីម៉ាកប្រាហា លេខ៥១៨៣៦២ មានបង់មួយ និងគ្រាប់ចំនួន៧គ្រាប់។
សូមបញ្ជាក់ថា គេមិនទាន់ភ្លេចឡើយ នៅព្រឹត្តិករណ៍បាញ់ប្រហារមនុស្សឱ្យរងរបួស នៅក្នុងវង់ផឹកស៊ីរបស់លោកមេធាវី អ៊ិត ពិសិដ្ឋរង្សី ក្បែរភូមិគ្រឹះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងទឹកដីខណ្ឌ៧មករា កាលពីចុងឆ្នាំ២០១៧ តែពេលថ្មីៗនេះ លោកមេធាវី មានកាំភ្លើងប្រើរូបនេះ ត្រូវបានសាលាឧទ្ធរណ៍ ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន៕