(ស្វាយរៀង)៖ ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកសារព័ត៌មាន ក្នុងខេត្តស្វាយរៀង បាននាំយកថវិការរបស់សប្បបុរសជនក៏ដូចជា អ្នកសារព័ត៌មាន គ្រប់អង្គភាពដែលបានចែករំលែកថវិកា ផ្ទាល់ខ្លួនជូនដល់ស្ត្រីអ្នកមានជំងឺមហារីកជីវភាពខ្វះខាត និងអ្នកសារព័ត៌មានដែលមានជំងឺ បានចំនួន៣លើកដល់ខ្នងផ្ទះ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨។

ជាក់ស្តែងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ តំណាងក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង ក៏បានពាំនាំយកអំណោយ ជាថវិការសប្បុរសជន និងអ្នកព័ត៌មានមួយចំនួនប្រគល់ទៅ ឲ្យភរិយាលោក វ៉ាន់ ប៊ុនធឿន អ្នកយកព័ត៌មានកាសែតកោះសន្តិភាព ដែលមានជំងឺ និងលោក ថត ភារះ សហការីទូរទស្សន៍ប៉ុស្ត៏លេខ៩ ដែលមានជំងឺបេះដូង និងលើសឈាមផងដែរ។

ក្រុមអ្នកព័ត៌មានប្រចាំខេត្តស្វាយរៀង បានថ្លែងថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្ត បាននាំយកអំណោយក៏ដូចជាថវិការ របស់សប្បបុរសជនជាច្រើននាក់ និងក្រុមការងារជួយឧបត្ថមបានចំនួន៣លើក មាន៣គ្រួសារ មានភូមិព្រៃឆ្លាក់ ភូមិរោងបន្លែ ភូមិស្វាត ក្នុងក្រុងស្វាយរៀង។

ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង បានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងខេត្តស្វាយរៀង មានការខ្វះខាត និងមានជំងឺផងទើបក្រុមការងារបានទៅថតផ្ដិតយករូបភាពដល់ផ្ទះរបស់គាត់ដើម្បីធ្វើការផ្សព្វផ្សាយ ជាសាធារណៈតាមរយៈទូរទស្សន៍ ក៏ដូចជាដាក់កាសែតអំពាវនាវរកសប្បបុរសជនជួយឧបត្ថមតាមលទ្ធភាពជាវប្បធម៌ចែករំលែកទោះបីតិចក្ដីច្រើន ក្ដីក៏ជាចិត្តសប្បបុរសរបស់សប្បុរសជនផងដែរ។

ក្រុមអ្នកព័ត៌មានដដែល បានបន្តថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ កាសែត និងវេបសាយព័ត៌មាន រួចមកក៏មានសប្បុរសជន ជាច្រើនមានចិត្តអាណិតអាសូរដល់អ្នកជំងឺជាប្រជាពលរដ្ឋក៏ដូចជាគ្រួសារអ្នកសារព័ត៌មានក្នុងខេត្តបានគៀងគរគ្នាដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅបានមួយកម្រិតក្នុងការព្យាបាលជំងឺផងដែរ៕