(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានច្រានចោលនូវការអះអាងមួយថា អង្គការសហប្រជាជាតិ បានមកដាក់គំនាបលើប្រទេសកម្ពុជា។ សម្តេចបានប្រកាសថា នៅលោកនេះមិនមានប្រទេសណាមួយ ឬអង្គការអន្តរជាតិណាមួយ អាចដាក់គំនាបទៅលើប្រទេសដទៃ ដែលមានដែនអធិបតេយ្យផ្ទាល់ខ្លួនឡើយ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការសន្ទនាមួយបំផុសថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាញអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នោះ គឺក្រុមអង្គការទាំងនោះបានមកដាក់គំនាបលើប្រទេសកម្ពុជា។
ថ្លែងទៅកាន់កម្មករនៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកអាសីហាវាស្តាប់ឮ (សន្ទនា)ថា កាលពីម្សិលមិញ មានកិច្ចប្រជុំមួយជាមួយអង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិគេមកគាបសង្កត់កម្ពុជា។ សូមផ្តាំទៅក្មួយអើយ ប្រធានរដ្ឋអធិបតេយ្យ ប្រធានអង្គការនីតិប្រតិបត្តិ គ្មាននរណាអាចសង្កត់វាបានទេ ហើយក៏គ្មានទម្លាប់នៅលើលោកីយ៍នេះ ប្រទេសមួយទៅគាបសង្កត់ប្រទេសមួយ ឬក៏អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិណាមួយ មកធ្វើការគាបសង្កត់ ទៅលើប្រទេសឯករាជ្យអធិបតេយ្យនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តពន្យល់ថា ការពិភាក្សាកាលពីម្សិលមិញនេះ មិនមាននរណាដាក់គំនាបនរណាទេ គឺពិភាក្សាក្នុងស្ថានភាពជាដៃគូ ដោយស្មើភាពគ្នា។ សម្តេចបន្តថា «អ្នកឯងខុសខ្ញុំនិយាយថា អ្នកឯងខុស អ្នកឯងផ្តល់យោបល់ឱ្យខ្ញុំ ខ្ញុំទទួលយក ប៉ុន្តែសកម្មភាពរបស់អ្នកឯងដូចជារឿងម្សិលមិញ ខ្ញុំនិយាយថា សូមកុំមកបំផើមចោល ទៅលើគម្រោងខ្លះ»។
ដោយរំលឹកដល់គម្រោងមួយចំនួនដែលអង្គការអន្តរជាតិ មិនបានអនុវត្តឱ្យបានយូរអង្វែង នាពេលកន្លងមកនោះ សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅកាន់អង្គការអន្តរជាតិថា មុននឹងដាក់ចេញគម្រោងណាមួយនៅកម្ពុជា ពេលនេះគឺត្រូវតែធ្វើការសិក្សារួមគ្នា។
សម្តេចបានបន្តទៀតថា «ខ្ញុំបានប្រាប់ទៅមន្រ្តីអង្គការសហប្រជាជាតិថា គម្រោងណាក៏ដោយ ត្រូវតែសិក្សារួមគ្នា គឺមានគម្រោងខ្លះ វាត្រូវការបង្វែរទិស ឧទាហរណ៍ អង្គការស្បៀង អាហារពិភពលោក។ ពីមុនអង្គការនេះ បានផ្តល់នូវជំនួយសម្រាប់កម្ពុជា ក្នុងការផ្តល់អាហារសម្រន់សម្រាប់កុមារ ប្រមាណជាង២៥សាលារៀន ប៉ុន្តែអង្គការស្បៀងអាហារពិភពលោក ចុងក្រោយគាត់អស់ទុនរបស់គាត់ដែរ ព្រោះគាត់មានបន្ទុកជាមួយប្រទេសផ្សេងៗទៀត»។
សម្តេចបានបន្តថា នៅឆ្នាំ២០២១ អង្គការនេះនឹងដកខ្លួនថយចេញពីកម្ពុជា ហើយកម្ពុជានឹងយកជំនួយដែលខ្លួនផ្តល់ឱ្យអង្គការនេះ ទៅផ្តល់ជំនួយដោយផ្ទាល់ជូនអ្នករងគ្រោះតែម្តង៕