ដើមកញ្ឆាជាង៦ម៉ឺនដើម នៅខេត្តតាកែវ ត្រូវកម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាប និងដុតបំផ្លាញចោលទាំងស្រុង (Video inside)
21-02-2018 15:28
(តាកែវ)៖ កម្លាំងអាវុធហត្ថការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឌានអាវុធហត្ថក្រុងដូនកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគីរីវង់ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការអាវុធហត្ថខេត្ត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងដុតដើមកញ្ឆាចោលចំនួន៦៥០០០ដើម។
យោងតាមរបាយការណ៍ របស់នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោក ឈុន សុមេធា បានឲ្យដឹងថា សម្រាប់បង្ក្រាបបទល្មើសមួយនេះ មានកម្លាំងសរុប៥៥នាក់ រថយន្ត៥គ្រឿង ម៉ូតូ៤ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរងទទួលផែនយុត្តិធម៌ ស្ថិតនៅចំណុចចន្លោះជ្រោះអូរបែកថ្លាង និងចន្លោះភ្នំវិហ៊ាចោនក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។
នាយការិយាល័យរូបនេះ បានបន្តទៀតថា ជាលទ្ធផល កម្លាំងបានដុតបំផ្លាញដំណាំកញ្ឆានៅនិងកន្លែងចំនួន៣៨ទីតាំង ដែលមានដើមកញ្ឆាស្មើនិង៦៥០០០ដើម, បំផ្លាញអាងស្តុកទឹកបានចំនួន៥០អាង
និងបំផ្លាញទុយោទឹកនៅនិងកន្លែងបាន១៥០០ម៉ែត្រ។
យ៉ាងណាក៏ដោយ សម្រាប់ការបង្ក្រាបនេះ កម្លាំងអាវុធហត្ថមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ៕