(ភ្នំពេញ)៖ ផ្សារទំនើប AEON Mall,ផ្សារទំនើប Makro, ក្រុមហ៊ុន Park Café, ក្រុមហ៊ុន គង់ នួន គ្រុប, ក្រុមហ៊ុន ONLINE និងក្រុមហ៊ុន GFG Investment ក្រុមហ៊ុនទាំងនេះនឹងចូលរួមប្រកាសជ្រើសរើស បុគ្គលិកនៅក្នុងវេទិកាការងារ ដោយមានតម្រូវការបុគ្គលិកសរុបប្រមាណ៩០០នាក់។
នៅក្នុងវេទិកាការងារនាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង៥៖៣០នាទីល្ងាច។ ដំណើរការជ្រើសរើសបុគ្គលិកនេះ ដោយមានការសម្របសម្រួលដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្សផ្សារ AEON MALL បានឲ្យដឹង លោកឲ្យដឹងទៀតថាវេទិកាសម្ភាសការងារស្អែកនេះ ខុសពីមុនបន្តិចដោយក្រុមហ៊ុនធ្វើការសម្ភាសតែម្តងទេ មានន័យថាជាប់ឬធ្លាក់គឺបេក្ខជននឹងបានដឹងក្រោយពេលសម្ភាសចប់តែម្តង។
លោករស្មីក៏បានឲ្យដឹងពីចំនួនបុគ្គលិកដែលកំពុងបម្រើការងារនៅក្រុមហ៊ុនរបស់លោក យ៉ាងដូច្នេះថា បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក កំពុងបម្រើការងារជិត៨០០នាក់ ក្នុងចំណោមនោះក៏មានបុគ្គលិកមួយចំនួនទទួលបានតាមរយៈការជ្រើសចេញពីការសម្ភាសនៅNEA”។ លោករស្មីបានជំរុញដល់ សិស្ស/និស្សិត ដែលចង់ទទួលបានការងារនៅ EON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានស្អាត,រៀបចំខ្លួនឲ្យបានល្អ, ដឹងនូវមុខដំណែងអ្វីដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេខ្មែរ) ដោយងាយស្រួល៕