(ព្រៃវែង)៖ កាំកុងត្រូលសាខាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាសាលាស្តីពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់សុខភាព ដល់និស្សិតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមា ប្រមាណ២៣០នាក់។
សិក្ខាសាលានេះមានការចូលរួមពីលោក នង សំហឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង, លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រួល និងលោក អ៊ុត សុភាព ប្រធានសាខាកាំកុង ត្រូលខេត្តព្រៃវែង។
លោក អ៊ុត សុភាព បានធ្វើការពន្យល់នូវអត្ថន័យ នៃរូបភាពនីមួយៗនៅក្នុងផ្ទាំងរូបភាព ដល់និស្សិតទាំងអស់ឲ្យបានយល់ដឹងអំពីផលិតផលទំនិញ ដែលបានវេចខ្ចប់ស្រាប់ ទំនិញកំប៉ុង កំពិត ប៉ោង ច្រែះ និងទំនិញពុំមានស្លាកសញ្ញាត្រឹមត្រូវ។
ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បញ្ជាក់ថា ការចុះធ្វើសិក្ខាសាលានេះ ក្នុងគោលបំណង ឲ្យនិស្សិតទាំងអស់បានយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ មុននឹងទិញយកទៅទទួលទាន។
លោក អ៊ុត សុភាព បានបន្តថា «បើនិស្សិត បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារ បានច្បាស់លាស់នោះ ហាក់បីដូចជា បានចូលរួមក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារ បានមួយផ្នែកធំ អាចទៅពន្យល់ប្រាប់ក្រុមគ្រួសារ»។
ជាមួយគ្នានេះ លោក អ៊ុត សុភាព ក៏បានចែកនូវផុសស្ទ័រ សម្រាប់យកទៅបិទនៅជញ្ជាំងឲ្យប្អូននិស្សិតយកទៅពិនិត្យសិក្សាស្វែងយល់ បន្ថែមដោយខ្លួនឯង ហើយត្រូវពន្យល់ប្រាប់ក្រុមគ្រួសារ មុន និងទិញម្ហូបឫរបស់របរផ្សេងៗមកសែនដូនតាត្រូវត្រួតពិនិត្យមើលផង។
នៅក្នុងឱកាសនោះ លោក ឌឹម ថេង អគ្គនាយករងកាំកុងត្រូល ក៏បានបកស្រាយសំណួរជាច្រើន ដែលសុទ្ធតែជាសំណួរល្អ មានប្រយោជន៍ដល់អ្នកប្រើប្រាស់ នេះបញ្ជាក់ថា និស្សិត ដែលបានចូលរួមសុទ្ធតែមានការយល់ដឹង ដែលអាចពាំនាំចំណេះដឹងពីសិក្ខាសាលានេះ ទៅប្រាប់ក្រុមគ្រួសារ មិត្តភក្តិបន្ថែមទៀត។
លោក ឌឹម ថេង ក៏បានអំពាវនាវឲ្យមានការចូលពីអ្នកធ្វើធុរកិច្ច ម្ហូបអាហារ ទាំងឡាយឲ្យរួមសហការជាមួយសមត្ថកិច្ចជំនាញ ទទួលខុសត្រូវលើសុខភាពសារធារណៈ និងដំកល់ផលប្រយោជន៍ ជាតិជាធំ កុំគិតតែពីផលចំណេញ ពីព្រោះថា អ្នកធ្វើធុរកិច្ចម្ហូបអាហារទាំងនោះ ក៏ជាអ្នកប្រើប្រាស់ ហើយគ្រួសារ និងសង្គមជាតិអ្នកទាំងអស់នោះ ក៏នឹងទទួលរងគ្រោះដូចគ្នា ពីការចែកចាយម្ហូបអាហារ ដែលមានសុវត្ថិភាពទាំងនេះ៕