(ភ្នំពេញ)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ដ៏មោះមុតចំពោះកម្មករ-កម្មការិនី ដែលជួបបញ្ហាថៅកែរត់ចោលរោងចក្រមិនបើកប្រាក់ឈ្នួលឲ្យនោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងទទួលបានការគោរពស្រលាញ់ពីសំណាក់កម្មករយ៉ាងក្លៀវក្លានោះ បានប្រកាសដាក់ចេញអនុសាសន៍ថ្មីមួយទៀតថា ប្រសិនបើមានករណីថៅកែរត់ចោលកម្មករ ជំហានដំបូង ក្រសួងការងារ និងផ្នែកពាក់ព័ន្ធនានា ត្រូវតែស្វែងរកថវិកាយ៉ាងណាដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ-កម្មការិនីឲ្យបានគ្រប់ៗគ្នាជាមុនសិន ចាំដោះស្រាយបញ្ហាផ្សេងៗទៀតតាមក្រោយ។
ការបន្ថែមអនុសាសន៍ថ្មីនេះត្រូវបានលើកឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពី ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា សង្កាត់ទឹកថ្នា ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
បន្ទាប់ពីថ្លែងកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសហការជាមួយភាគីពាក់ព័ន្ធ ខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍ទាំង៨ចំណុច ក្រោយសម្ដេចតេជោ បានដាក់ចេញ កាលពីពេលកន្លងទៅហើយនោះ សម្ដេចបានបន្ថែមអនុសាសន៍ថ្មីមួយទៀត ពីលើអនុសាសន៍ទាំង៨ខាងលើ ក្នុងវិស័យការងារកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺត្រូវដោះស្រាយឲ្យបានភ្លាមៗចំពោះការបិទរោងចក្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានបំណងនឹងដាក់ចេញនូវអនុសាសន៍មួយទៀត បន្ថែមលើអនុសាសន៍ទាំង៨ចំណុច។ តើអ្វីទៅជាអនុសាសន៍ដែលខ្ញុំត្រូវ ផ្ដល់ឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាផ្នែកពាក់ព័ន្ធ ដើម្បីនឹងអនុវត្ត? នោះគឺការតាមដានឲ្យដិតដល់ និងដោះស្រាយបញ្ហាភ្លាមៗ ទៅនឹងបណ្ដារោងចក្រមួយចំនួនដែលថៅកែរត់ចោល ហើយបិទរោងចក្រ ដែលកន្លងទៅនេះ ឮថាថ្ងៃណាមួយកម្មករមកជួបជាមួយយើងឯណេះ ត្រលប់ទៅវិញម្ចាស់រោងចក្ររត់ចោលបាត់។ អញ្ចឹងបញ្ហានេះ កុំឲ្យកើតមានជាជំងឺរាំរៃ។ កើតមានសកម្មភាពភ្លាម ដោះស្រាយបញ្ហាភ្លាម ដកថវិកាយ៉ាងណាដើម្បីដោះស្រាយនូវប្រាក់បៀវត្សឲ្យកម្មករជំនួសសិន ខ្ចីប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក៏ប្រាក់ណាក៏ដោយ ដើម្បីយកមកដោះស្រាយឲ្យកម្មករ-កម្មការិនីសិន បន្ទាប់ទៅជំហានបន្តចាំយើងដោះស្រាយរបៀបម៉េចទៀត កុំឲ្យកម្មករគ្នាខ្វះប្រាក់ខែនៅក្នុងពេលវេលាហ្នឹង ចាំយើងដោះស្រាយបន្ត លក់ឡៃឡង់រោងចក្រយ៉ាងម៉េច ហ្នឹងជារឿងមួយទៀត ប៉ុន្តែមិនត្រូវឲ្យកម្មករតវ៉ាដោយគ្មានដំណោះស្រាយជាក់លាក់នោះទេ ត្រូវខិតខំដោះស្រាយនូវរឿងនេះ»។
មិនតែប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន បានបន្តណែនាំដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធ ត្រូវខិតខំរកការងារឲ្យកម្មករដែលបាត់បង់ការងារធ្វើដោយសារថៅកែរត់ចោល ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
សូមជម្រាបថា អនុសាសន៍ទាំង៨ចំណុច ដែលសម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ជូនសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជូន នាពេលកន្លងទៅនោះ រួមមាន៖
១៖ អនុវត្តប្រាក់ឈ្នួលអប្បបរមាចំនួន១៧០ដុល្លារក្នុងមួយខែ សម្រាប់គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៨។
២៖ អនុវត្តការផ្ដល់សេវាពិនិត្យសុខភាព និងព្យាលជំងឺជូនកម្មករ-កម្មការិនី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រធានភូមិ ជំនួយការភូមិ និងកីឡាករ-កីឡាការិនី នៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
៣៖ សម្រាប់កម្មករ-កម្មការិនី ដែលសម្រាលកូនហើយ ទទួលប្រាក់ជំនួយក្នុងអត្រា ១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃពោះនោះ កម្មការិនីក៏ទទួលបានការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោងយ៉ាងតិច ១៥នាទី។
៤៖ កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូនម្នាក់ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន ៤០ម៉ឺនរៀល បើកូនភ្លោះ២នាក់ ទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។
៥៖ ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុនកម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺនិយោជកជាអ្នករ៉ាប់រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយរាជរដ្ឋាភិបាល តាមរយៈការកាត់កងពន្ធ។
៦៖ អាជ្ញាធរមានភារកិច្ចចុះត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី ដើម្បីធានាការកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការិនី។
៧៖ រាជរដ្ឋាភិបាល និងសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែសហការគ្នាបន្តដោះស្រាយបញ្ហាពលករ ដែលកំពុងបម្រើការងារនៅក្រៅប្រទេស។
៨៖ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ដែលអត្ថប្រយោជន៍នេះ មិនត្រឹមតែកម្មករនិយោជិតទេ ព្រះសង្ឃ កីឡាករ-កីឡាការិនី សិស្សានុសិស្សក៏ទទួលបានសេវាដ៏សំខាន់នេះផងដែរ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះប្រាក់ឈ្នួលអប្បបរមាចំនួន១៧០ដុល្លារ ដែលកម្មករ-កម្មការិនីនៅកម្ពុជាទទួលបានក្នុងឆ្នាំ២០១៨នេះ គឺជាប្រាក់ឈ្នួលខ្ពស់មួយ ក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង១០ ពោលស្ថិតនៅលំដាប់លេខ៥៕