(ភ្នំពេញ)៖ ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យកម្មករ កម្មការិនីទាំងអស់ឆ្លៀតឱកាសពេលទំនេរពីការងារ ទៅចូលរួមត្បាញក្រមាដែលវែងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការត្បាញក្រមាវែងជាងគេ ទៅវាលព្រះមេរុ ដែលមានប្រវែងរហូតដល់​១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញ ការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម ហើយសម្ដេចក៏នឹងរកពេលដើម្បីទៅចូលរួមត្បាញក្រមានេះផងដែរ។

បើតាមសម្ដេចនាយករដ្ឋមន្ដ្រី ​កន្លងមកចាប់តាំងពីបើកការត្បាញក្រមាវែងជាងគេនេះ​ ក៏មានឃើញភ្ញៀវបរទេសមិនថាស្រី មិនថាប្រុស ក៏បង្ហាញវត្តមានចូលរួមត្បាញក្រមានេះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ​«សង្ឃឹមថាក្មួយឆ្លៀតឱកាសពូគ្រាន់តែជម្រាបជូនថា ប្រសិនយុទ្ធនាការក្រមា១ពាន់ម៉ែត្រ ដែលវែងជាងគេបំបែកឯតទគ្គកម្ម ពិភពលោក ប្រសិនបើជាក្មួយចង់ចូលរួមសូមអញ្ជើញទៅវាលមេរុ ដើម្បីនឹងត្បាញម្នាក់បីសរសៃ បួនសរសៃ ប្រាំសរសៃ ដូច្នេះយើងនឹងក្លាយទៅជាកម្លាំងរួបរួមមួយ ដើម្បីបង្កើនបាននូវក្រមាវែង ជាងគេនៅលើពិភពលោក ​កន្លងទៅនេះព្រះមហាក្សត្រ ជាទីសក្ការៈ ហ្លូងម៉ែជាទីសក្ការៈ ក៏បានទៅបើកនៅកម្មវិធីនេះ ហើយឥឡូវក្រមាកំពុងតែត្បាញ សង្ឃឹមថាកម្មករ កម្មការិនីនៅតាមបណ្ដា រោងចក្រឆ្លៀតឱកាសពេលវេលាសម្រាកបន្ដិចបន្តួច»

សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖

* លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
* បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
* ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​

យុទ្ធនាការ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ ៦១ក្រឡា មានពណ៌ដ៏ស្រស់ស្អាត ក្រហមលាយសរ បានបើកត្បាញសរសៃដំបូងហើយ នៅព្រឹកទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលប្រព្រឹត្តទៅ នៅទីតាំងវាលព្រះមេរុ រាជធានីភ្នំពេញ។

លោកបណ្ឌិត សាន វឌ្ឍនា ប្រធានក្រុមចលនា GoGoCambodia ដែលបានបង្កើតយុទ្ធនាការនេះ បានលើកឡើងថា យុទ្ធនាការក្រមា៖ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពកលោក» បានបើកជូនជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការឡើយ ហើយកម្មវិធីនេះ បើកដំណើរការរហូត ទាល់តែយើងត្បាញឲ្យបានគ្រប់១ពាន់ម៉ែត្រ ដូចនេះ សូមបងប្អូនយើងជាកូនខ្មែរ ចូលរួមត្បាញក្រមា ដោយផ្ទាល់ដៃទាំងអស់គ្នា អ្នកណាមកមុន គឺបានត្បាញមុន ដើម្បីការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពកលោក។

ក្រមា ជាអត្តសញ្ញាណជាតិ ជារបស់ប្រើប្រាស់របស់ប្រជាជនទូទៅ ដោយមិនប្រកាន់វណ្ណៈ និន្នាការ ឋានៈសង្គម និងសាសនាឡើយ ហើយវាជារឿងរ៉ាវប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរ។ គោលបំណងនៃការជ្រើសរើស យកក្រមាមកបំបែកកំណត់ត្រាពិភពលោក ព្រោះក្រមាបង្ហាញពីការតស៊ូអំណត់ និងព្យាយាមរបស់សិប្បករ ក្នុងការត្បាញក្រមានិមួយៗ ព្រមទាំងការឆ្លុះបញ្ចាំង ពីអត្តចរិតពិតរបស់ពលរដ្ឋខ្មែរ ។ ឈានមួយជំហានទៀត យើងទាំងអស់គ្នា នឹងរួមគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ គ្រប់ស្រទាប់វណ្ណៈនាំយក មរតក វប្បធម៌ ប្រពៃណីនេះ ដើម្បីលើកស្ទួយមោទនភាពជាតិតាមរយៈការបង្កើត «ឯតទគ្គកម្មក្រមា វែងជាងគេលើពិភពលោក»