Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យកាល់ម៉ែត និងវិទ្យាស្ថានជាតិប្រសាទសាស្ត្រថៃ រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី «អាស៊ានផ្នែកប្រសាទសាស្ត្រ» ដើម្បីចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក

21-02-2018 14:42

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយវិទ្យាស្ថានជាតិប្រសាទសាស្ត្រ ប្រទេសថៃ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី «អាស៊ានផ្នែកប្រសាទសាស្ត្រ» ដល់សាស្ត្រាចារ្យវេជ្ជបណ្ឌិតគ្រូពេទ្យ ទាំងគិលានុបដ្ឋាករ ដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានផ្នែកបច្ចេកទេសមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិតជំនាញផ្នែកប្រសាទសាស្ត្រ មកពីវិទ្យាស្ថានជាតិប្រសាទសាស្ត្រថៃ មកធ្វើបទបង្ហាញចែករំលែក នូវបទពិសោធន៍ពីអ្វី ដែលគេអាចធ្វើបាន ក្នុងការដែលគេជួយអ្នកជំងឺប៉ះពាល់សរសៃរឈាមខួរក្បាល។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានឲ្យដឹងថា ការប៉ះសរសៃរឈាមខួរក្បាល មានពីរស្ថានធំៗគឺ៖ ការប៉ះពាល់សរសៃឈាមខួរក្បាល ដោយការស្ទះសរសៃរឈាមខួរក្បាល និងការប៉ះពាល់សរសៃឈាមខួរក្បាល ដោយការដាច់ដោយការហូរឈាម ក្នុងខួរក្បាល និងជំងឺឆ្កួតជ្រូក។

ប្រធានផ្នែកបច្ចេកទេស មន្ទីរពេទ្យកាល់ម៉ែតរូបនេះ បញ្ជាក់ថា ដូច្នេះការជួបជុំគ្នា នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាការផ្លាស់ប្តូរ នូវបទពិសោធន៍ជំនាញ រវាងមន្ទីរពេទ្យកាល់ម៉ែត និងវិទ្យាស្ថានជាតិប្រសាទសាស្ត្រថៃ ដែលគេកំពុងអនុវត្តនៅប្រទេសថៃ ជួយសង្រ្គោះអ្នកជំងឺ ដែលប៉ះពាល់សរសៃរឈាមខួរក្បាល។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បន្ដទៀតថា ការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍នេះ គឺមានទាំងពីរស្ថាន ទាំងផ្នែកកម្រិតវេជ្ជបណ្ឌិតជំនាញ និងទាំងផ្នែកគិលានុបដ្ឋាកជំនាញ គឺបទបង្ហាញនេះ ក្តោបយកទាំងពីរស្ថានតែម្តង ទាំងគ្រូពេទ្យ ទាំងគិលានុបដ្ឋាករ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានលើកឡើងទៀតថា «ការជួបជុំគ្នានេះ និងនាំឲ្យសុខាភិបាលយើង ជាពិសេសនៅមន្ទីរពេទ្យកាល់ម៉ែត និងពង្រីកបន្ថែមនូវសមត្ថភាព នៅក្នុងការ ជួយសង្រ្គោះអ្នកជំងឺ ដែលប៉ះសរសៃឈាមខួរក្បាល ទោះជាប៉ះដោយការត្បៀត ឬការដាច់សរសៃរឈាម ខួរក្បាលក៏ដោយ»