(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីស្ថានទូតថៃ បានឲ្យដឹងថា នៅឆ្នាំ២០១៧ទំហំពាណិជ្ជ កម្មរវាងកម្ពុជា-ថៃ បានកើនដល់ជាង៦ពាន់លានដុល្លារ។
របាយការណ៍បានបញ្ជាក់ថា នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសជាប់ព្រំដែនគ្នាទាំង២នេះ មានរហូតដល់៦,១៦៤.៨៧លានដុល្លារ កើនឡើង១០ភាគរយ បើធៀបឆ្នាំ២០១៦ ដែលមានចំនួន៥,៦០៩.៤៨លានដុល្លារ។
របាយការណ៍ដដែលបានឲ្យដឹងថា ទំហំនៃការនាំចូលទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ តិចជាងថៃនាំចូលមកកម្ពុជា រហូតដល់ជិត៦ដង។ ដោយកម្ពុជា នាំចេញទៅប្រទេសថៃ មានចំនួន៨៩៤.៨៨លានដុល្លារ ធ្លាក់ចុះ៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន ៩៣៧.៦៣លានុដល្លារ។ ចំណែកឯថៃនាំចូលមកកម្ពុជា មានចំនួន៥,២៦៩.៩៨លានដុល្លារ កើនឡើងជិត១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលត្រឹមតែ៤,៦៧១.៨៥លានដុល្លារ។
សូមបញ្ជាក់ថា កម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងតែមួយ មានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លា ដូចប្រទេសវៀតណាមផងដែរ។ ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕