(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមានចំៗវេជ្ជបណ្ឌិតវះកាត់ខួរក្បាលម្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិយាយតាមទូរស័ព្ទថា បន្តិចទៀតលោកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីបង្កើតរបស់សម្ដេចថា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កូនស្រីសម្តេចមិនមានចំណេះដឹង ទៅគ្រប់គ្រងពេទ្យនេះឡើយ គឺគ្រាន់តែជួយបរិច្ចាគថវិកាជួយដំណើរការប៉ុណ្ណោះ ដែលការលើកឡើងនោះមានភាពផ្ទុយស្រឡះ និងជាការមួលបង្កាច់តែប៉ុណ្ណោះ។
ការប្រតិកម្មខាងលើនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមផ្ដាំទៅពេទ្យដែលវះកាត់ខួរក្បាលមួយដែលនៅគន្ធបុប្ផា ម្សិលមិញលោកឯងនិយាយខុស លោកឯងថាបន្ដិចទៀត ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់ខ្ញុំ នឹងទៅគ្រប់គ្រងនៅមន្ទីរពេទ្យគន្ធបុប្ផា លោកឯងត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីអស់នេះ កូនស្រីរបស់ខ្ញុំគ្មានជំនាញទេ»។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា «អ្នកឯងនិយាយចេញពីមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំស្គាល់មុខអ្នកឯងហើយ ឈ្មោះអី? នៅឯណា? ហើយអ្នកឯងជាវេជ្ជបណ្ឌិតខាងវះកាត់ខួរក្បាលផង អ្នកឯងមិនត្រូវល្ងង់ខ្លៅបែបនេះទេ កូនស្រីខ្ញុំគ្មានវិជ្ជា គ្មានចំណេះដឹងសម្រាប់ការគ្រប់គ្រងមន្ទីរពេទ្យមួយដ៏ធំនេះទេ [...] កូនរបស់ខ្ញុំគ្មានការពាក់ព័ន្ធទេ តែកូនរបស់ខ្ញុំត្រូវបរិច្ចាគមួយឆ្នាំ ១លានដុល្លារឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា ហេតុអ្វីបានជាអ្នកឯងមកចោទ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា សម្ដេចបានទទួលព័ត៌មាននេះពីគណនី Facebook ឈ្មោះ «សីហា» ដែលគេស្គាល់ថា ជាអ្នកលេង Facebook មួយ ដែលជំនាញខាងទម្លាយរឿងផ្សេងៗ ពិសេសរឿងនយោបាយ បានផ្ដល់ព័ត៌មាននេះជូនសម្ដេច។
បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ត ហើយរហូតដល់សម្ដេច បង្កើតមូលនិធិគន្ធបុប្ផាមួយទៀតនៅកម្ពុជា ហើយសម្តេចនឹងធ្វើប្រធាននៃមូលនិធិនេះ មិនអាចនៅពេលអត់លោក Beat Richner ទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលកុមារកម្ពុជា រាប់លាននាក់នេះដួលរំលំនោះទេ។
សូមជម្រាបថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)៕