Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ព្រមានតាមវ៉ៃដល់ផ្ទះចំពោះអ្នកមានផែនការធ្វើបាតុកម្ម «ដុតរូបប្រឆាំងសម្តេច» នៅអូស្រ្តាលី (Video inside)

21-02-2018 14:06

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានព្រមានធ្ងន់ៗថា នឹងតាមវ៉ៃដល់ផ្ទះតែម្តង ចំពោះអ្នកមានផែនការធ្វើបាតុកម្មប្រឆាំងសម្តេចពេលទៅប្រទេសអូស្ត្រាលី នាពេលខាងមុខបើសិនជាអ្នកទាំងនោះ ហ៊ានដុតរូបសម្តេច ឬដុតទីងមោងដោយដាក់រូបសម្តេចពេលធ្វើបាតុកម្ម។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអតីតសកម្មជនគាំទ្រដល់អតីតគណបក្សសង្រ្គោះជាតិមួយចំនួន បន្តគំរាមធ្វើបាតុកម្មប្រឆាំងនឹងសម្តេច អំឡុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី នាពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សុំផ្តាំទៅអ្នកត្រៀមធ្វើបាតុកម្ម មុខរបស់លោកឯង ត្រូវចាំជាកិត្តិយសនៃរដ្ឋាភិបាលរបស់លោកឯង។ ប៉ុន្តែនេះជាសេរីភាព របស់អ្នកឯង ប៉ុន្តែកុំភ្លេចថា ខ្ញុំក៏មានប្រជាជនគាំទ្ររាប់រយនាក់នៅទីនោះដែរ​។ ជានិច្ចការខ្ញុំទៅប្រទេសណាក៏ដោយ អ្នកធ្វើបាតុកម្មមានត្រឹមតែ១០ភាគរយ នៃអ្នកដែលមកជួបខ្ញុំតែប៉ុណ្ណោះ។ អាអ្នកធ្វើបាតុកម្មស្រែកឡូឡានៅខាងក្រៅវាតិច ប៉ុន្តែអ្នកដែលមកជួបស្វាគមន៍ ហើយសុំសែលហ៊្វី (Selfie) វាច្រើនជាង»

សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ប៉ុន្តែសូមផ្តាំទៅកុំដុតរូបឱ្យសោះ បើដុតរូបអញតាមដល់ផ្ទះ អញប្រាប់ឱ្យហើយ»

សម្តេចបានពន្យល់ថា ប្រជាជនកម្ពុជាបានផ្សារភ្ជាប់នឹងអបិយជំនឿ ដូច្នេះគេមិនអនុញ្ញាតឱ្យមានការដុតរូប ឬទីងមោងនោះទេ។ ការដុតរូបរបស់គេ គឺប្រៀបដូចជាដុតគេដែរ។

ទន្ទឹមនឹងការព្រមានចំពោះអ្នកគ្រោងធ្វើបាតុកម្ម សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានមិនឱ្យមានចលនាសង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជានោះទេ។ ការលេចឡើងនៅចលនាសង្រ្គោះជាតិ នៅទីណា គឺត្រូវវ៉ៃកម្ទេចនៅទីនោះដែរ។ សម្តេចថ្លែងថា «អាចលនាសង្រ្គោះជាតិស្អីគេហ្នឹង ឃើញមួយវ៉ៃមួយ ឃើញ២វ៉ៃ២ ព្រោះនេះជាអង្គការភេរវកម្ម អង្គការខុសច្បាប់ដែលខ្ញុំហៅថា ជាអង្គការភេរវកម្ម»