(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកបណ្ឌិត ឈឹម សុធារ៉ា អ្នកឯកទេសជំងឺផ្លូវចិត្ត ទទូចឲ្យអ្នកជំងឺផ្លូវចិត្តកុំខ្មាសអៀន ត្រូវមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យជំនាញផ្នែករោគផ្លូវចិត្ត, ខណៈបច្ចុប្បន្ននេះ មានអ្នកជំងឺសម្រេចធ្វើអត្តឃាតកើនឡើងជារៀងរាល់ឆ្នាំ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានថ្លែងថា អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែងតែសោកសៅ អស់សង្ឃឹម ឯកោ និង​បាត់បង់​ចំណាប់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ចូល​ចិត្ត។ អារម្មណ៍​ទាំង​អស់នេះ​អាច​រំខាន​ដល់​សមត្ថភាព​របស់​ពួក​គេ ​ក្នុង​ការ​មានដំណើរ​ការ​ត្រឹមត្រូវ និង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ​ទៅ​លើ​គុណភាព​នៃ​ជីវិត។ ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគ​សញ្ញា​ផ្នែក​ផ្លូវចិត្ត ​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​រោគ​សញ្ញា​លើ​រាង​កាយ​ទាក់ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត ​តែងតែ​ត្រូវ​បាន​មើល​រំលង ដោយសារ​តែ​រោគ​សញ្ញា​ទាំងនោះ​ហាក់ដូចជា​ មិន​មានការ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ។

បើតាមលោកបណ្ឌិត ឈឹម សុធារ៉ា ពាក្យថាអត្តឃាត​វាអាចជាផ្នែកមួយនៃជំងឺផ្លូវចិត្ត ហើយមួយភាគធំ នៃអ្នកធ្វើអត្តឃាត​ភាគច្រើន គឺអ្នកមានជំងឺធ្លាក់ទឹកចិត្ត ហើយផ្នែកខ្លះទៀតវាអាចមកពីជំងឺចិត្តវិកល​ (សតិមិនគ្រប់) ដោយធ្វើអត្តឃាតតាមរយៈសំឡេង ​គឺគាត់ឮសំឡេង ដែលគ្មានអ្នកណាឮ ​ហើយមួយផ្នែកទៀត​អាចមក​ពីស្រ្តេស ​មានន័យថា មានសំពាធ​ស្រួចស្រាវកើតឡើងភ្លាម ​ឬក៏មានការបាត់បង់ អ្វីមួយភ្លាមៗ ករណីនឹងវាអាចធ្វើឲ្យបុគ្គលបាត់បង់សេចក្តីសង្ឃឹមភ្លាម ​ហើយឈានទៅដល់ការសម្លាប់ខ្លួន។

លោកបណ្ឌិត ឈឹម សុធារ៉ា បានលើកឡើងថា «យើងគួរមើលសញ្ញាមួយចំនួនទៀត ​ព្រោះអ្នកជំងឺធ្លាក់ទឹកចិត្តតែងតែទុកសញ្ញាសំគាល់អ្វីមួយ ឧទាហរណ៍ គឺគាត់អាចឲ្យរបស់ដែ​លគាត់ស្រឡាញ់ ទៅនណាមួយ​ មានន័យថា គាត់លែងត្រូវការរបស់នឹងហើយនេះជាសញ្ញាមួយ ហើយជួនកាលនៅសុខៗគាត់លា ហើយផ្តាំផ្ញើឲ្យជួយមើលកូន​មើលចៅ​ ឬជួយមើលរបស់នេះ របស់នោះ ឫក៏ពេលបាត់ខ្ញុំទៅអ្នកឯង យករបស់នឹងទៅ​ ឫក៏អ្នកខ្លះគាត់និយាយថា លាតែមួយម៉ាត់ ហើយអ្នកខ្លះទៀត គាត់សរសេរជាក្រដាសផ្លាំផ្ញើសញ្ញាទាំងអស់នេះហើយដែលយើង គិតគាត់សម្គាល់ថា អ្នកនឹងអាចនឹងសម្លាប់ខ្លួន»

រោគ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត៖
* ​អារម្មណ៍​ក្រៀមក្រម​ខុស​ប្រក្រតី​
* ​បាត់បង់​សកម្មភាព​រីករាយ​ដែល​ធ្លាប់តែ​រីករាយ​
* ​អស់កម្លាំង​
* ​ការ​មាន​អារម្មណ៍​រសាប់រសល់​
* ​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ ឬ​ស្ពឹក​
* ​មិន​ចាប់អារម្មណ៍​នឹង​អ្វី​ទាំងអស់​ដោយសារ​តែ​គ្មាន​អ្វី​គួរ​ឲ្យ​អស់សំណើច​
* ​យំ​ តែ​មិនដឹង​ថា​ យំ​ដោយសារ​មូលហេតុ​អ្វី​
* ​ឈឺក្បាល​ ឬ​ឈឺពោះ​
* ​មិន​ញ៉ាំ​អាហារ​ ស្រក​ទំងន់​
* ​ញ៉ាំ​អាហារ​ច្រើន​ខុស​ពី​ធម្មតា​
* ​គេង​មិន​លក់​ ឬ​ក្រក​ពី​ដំណេក​លឿន​
* ​មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​ការ​គេង​
* ​មួរ​ម៉ៅ​ក្ដៅក្រហាយ​
* ​ចាប់ផ្ដើម​ប្រើ​ថ្នាំ​ ថែម​ទាំង​គ្រឿង​ស្រវឹង​ ឬ​ថ្នាំជក់​
* ​គិតតែ​ពី​រឿង​ស្លាប់​ ឬ​ធ្វើ​អត្តឃាត៕